2025-09-13 14:29
10

កំពង់ស្ពឺ៖ ក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន កាលពីថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៥ បានចុះពិនិត្យ និងចាត់វិធានការលើទីតាំងមួយកន្លែងនៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ «គិរីរម្យ» ដែលជនខិលខូច បានធ្វើការឈូសឆាយ ទន្ទ្រានដី សាងសង់ ដោយខុសច្បាប់ ភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា «ជនខិលខូច បានលួចសាងសង់ផ្ទះលំហែ ចំនួន ០១ ខ្នង(សាងសង់បានប្រមាណ៨០% ) បម្រុងនឹងសាងសង់ផ្ទះស្នាក់មួយកន្លែងទៀត រោងប្រក់តង់ចំនួនពីរ បានធ្វើរបងព័ទ្ធបន្លាលួសព័ទ្ធតំបន់ព្រៃមួយផ្នែកប្រហែល ១៥០ម៉ែត្រ ហើយកាប់ដើមស្រល់មួយចំនួន និងការដាំដុះដើមដូងប្រមាណ២០ដើម។ 

យោងតាមអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ក្រសួងកំពុងចាត់វិធានការច្បាប់ចំពោះជនល្មើស ដែលបានកាប់រុករានដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា ៨៥៥ ការធ្វើសកម្មភាពសាងសង់ ឬធ្វើប្រតិបត្តិការគម្រោងបំពានការហាមឃាត់ និងមាត្រា ៨៥០ ចំណុច «ង»   ដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងចំណុច «ឌ» បោះបង្គោលហ៊ុមព័ទ្ធ ឬដាក់សញ្ញាសម្គាល់លើដីដែលជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងកាន់កាប់ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។ 

ក្រសួងបរិស្ថាន នឹងសហការជាមួយក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ស្រាវជ្រាវ និងនាំខ្លួនជនខិលខូច ដែលទន្ទ្រានដីដោយខុសច្បាប់នៅតំបន់ការពារធម្មជាតិ ទៅកាន់តុលាការ ដើម្បីអនុវត្តវិធានការច្បាប់ជាធរមាន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលពិនិត្យនិងសម្រេច  ព្រមទាំងអនុវត្តន៍ទៅតាមគោលការណ៍បែបបទបច្ចេកទេស ស្របតាមនិតីវិធីច្បាប់ជាធរមាន ចំពោះការអភិវឌ្ឍ រៀបចំ សាងសង់សំណង់ និងហេដ្ឋារចនាសម្ព័ន្ធនានា ហើយមិនអនុញ្ញាតឱ្យមានការឈូសឆាយ កាប់រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិដាច់ខាត។

ក្រមបរិស្ថាននិងធនធានធម្មជាតិ ក្នុងមាត្រា ៣៧៩ ចំណុច «១» ការរៀបចំគម្រោងស្ថាបនានិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈគ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវធ្វើការពិគ្រោះយោបល់ជាមុន ជាមួយក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងចំណុច «២» រាល់គម្រោងស្ថាបនា សាងសង់សំណង់ឯកជន នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវទទួលការអនុញ្ញាតជាមុនពីក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ និងមាត្រា ៣៨៦ ការហាមឃាត់សិទ្ធិរបស់បុគ្គល ចែងថា «បុគ្គលពុំមានសិទ្ធិ ផ្តល់ការអនុញ្ញាតទោះដោយផ្ទាល់ក្តីឬប្រយោលក្តី ឱ្យរានដីព្រៃ កាន់កាប់ដី កាប់ដើមឈើ ចាប់សត្វព្រៃគ្រប់ប្រភេទ ឬធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីប្រមូលផល អនុផលធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលផ្ទុយនឹងបទប្បញ្ញត្តិនៃក្រមនេះ»។ 

ក្រសួងបរិស្ថាននឹងបន្តនីតិវិធីច្បាប់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ករណីរាល់បទល្មើសធនធានធម្មជាតិខាងលើ មិនលើកលែងចំពោះជនល្មើស និងអ្នកពាក់ព័ន្ធបទល្មើស ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវ:ចម្រុះ និងការរស់នៅប្រកបដោយចីរភាព ជាពិសេសការបង្កើនគម្របបៃតង និងការសម្រេចបានគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល  ដែលនៅឆ្នាំ២០៥០ កម្ពុជាជាប្រទេសអព្យាក្រឹតកាបូន៕