
គូឡាឡាំពួរ៖ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្តេចប្រធានរដ្ឋសភា ឃួន សុដារី បានអំពាវទាវឱ្យបញ្ឈប់ការប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក” នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀត។
សម្តេចប្រធានរដ្ឋសភា បានជម្រាបមហាសន្និបាត AIPA ថា កាលពីម្សិលមិញ គឺនៅថ្ងៃទី១៧ ខែកញ្ញានេះ កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាង ២០នាក់។ ថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាបន្តទៅទៀត។ សម្តេចបានគូសបញ្ជាក់ថា «ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ទាមទារឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ ដោយមានសុច្ឆន្ទៈ និងភាពស្មោះត្រង់ពិតប្រាកដ។ ភាគីដែលរំលោភបំពានលើបទឈប់បាញ់ ត្រូវតែទទួលការថ្កោលទោស ឬការដាក់ទណ្ឌកម្មជាដាច់ខាត»។
នៅក្នុងកិច្ចប្រជុំដែលមានថ្នាក់ដឹកនាំសភាគណៈប្រតិភូសភាអាស៊ានចូលរួមជាមួយសភាប្រទេសសង្កេតការណ៍ និងដៃគូរអភិវឌ្ឍន៍ AIPA ជាច្រើនបានចូលរួមប្រមាណជា ៩០០ នាក់ សម្តេចបានជម្រាបកិច្ចប្រជុំថា «កិច្ចព្រមព្រៀងបទឈប់បាញ់នេះ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃ នៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំង ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងបានរំលោភបំពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យកម្ពុជា»។
សម្តេច ឃួន សុដារី បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ជួយបន្តតាមដានជាប្រចាំនូវការវិវត្ត នៃការអនុវត្តបទឈប់បាញ់ និងធ្វើការវាយតម្លៃដោយខ្លួនឯង ផ្អែកលើតថភាពជាក់ស្តែង។ ក្នុងន័យនេះ យើងចាំបាច់ត្រូវមានបេសកកម្មស្វែងរកការពិតជាអន្តរជាតិ និងជាបន្ទាន់។ “ខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការបន្តរំលោភបំពានលើបទឈប់បាញ់ នឹងបណ្តាលឱ្យបាត់បង់ទំនុកចិត្តផ្នែកនយោបាយ និងការផ្ទុះឡើងវិញនៃជម្លោះប្រដាប់អាវុធ ដែលនឹងបង្កផលវិបាកដល់ប្រជាជាតិទាំងពីរ”។
ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវ បញ្ឈប់ការប្រើប្រាស់កម្លាំងយោធា ដើម្បីបោះបង្គោលព្រំដែនជាឯកតោភាគី ហើយទុកភារកិច្ចស្របច្បាប់ឱ្យគណៈកម្មការព្រំដែនចម្រុះ (JBC) បន្តការងាររបស់ខ្លួន តាមមធ្យោបាយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។
សម្តេចប្រធានសភាព បានបញ្ជាក់ថា «តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ធ្លាប់បានសម្រេចសេចក្តីលើករណីប្រាសាទព្រះវិហារ ក្នុងឆ្នាំ១៩៦២ និងតំបន់ជុំវិញប្រាសាទក្នុងឆ្នាំ២០១៣ ដែលជាមូលដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី ជាពិសេសពាក់ព័ន្ធនឹងតំបន់ដែលមិនទាន់មានការឯកភាពគ្នា»៕
