2025-10-02 16:10
15

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាយករដ្ឋព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ សហការជាមួយស្នងការនគរបាលរាជធានី-ខេត្ត ចំនួន ៤ បើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេតឈានដល់បង្ក្រាបករណី ចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិបរទេស និងខ្មែរ ចំនួន ០៨ នាក់ ក្នុងនោះសមត្ថកិច្ចបានរំដោះជនរងគ្រោះម្នាក់ បានដោយសុវត្ថិភាព។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលបណ្តឹងតាមរយៈទូរសព្ទដៃ ដោយមានករណី «បង្ខាំងមនុស្សខុសច្បាប់ និងជំរិទារប្រាក់» បង្កដោយជនសង្ស័យមួយក្រុមជនជាតិចិន ដោយជិះរថយន្ត ០១ គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ស ធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ឈ្មោះ JACKY TANG SAI TING ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន សញ្ជាតិ កាណាដា ចេញពីសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មការា រាជធានីភ្នំពេញ។

បន្ទាប់កើតហេតុដោយអនុវត្តតាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ខេត្តព្រះសីហនុ និងខេត្តកណ្តាល ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណរបស់ក្រុមជនសង្ស័យពាក់ព័ន្ធករណីនេះ។

លុះនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការជួយសង្រ្គោះជនរងគ្រោះម្នាក់ នៅចំណុច ផ្លូវ៥៨ ក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រហូតនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៧និង៤០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ០៨ នាក់ រួមមាន ទី១៖ ឈ្មោះ ZHU LI MIN ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិចិ។ ២៖ ឈ្មោះ HE YE ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន។ ៣៖ ឈ្មោះ HE SHUAI ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន។ ៤៖ ឈ្មោះ WANG HUA XIE ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន។ ៥៖ ឈ្មោះ យឿន វឌ្ឍនា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ។ ៦៖ ឈ្មោះ ដោម សីហា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ។ ៧៖ ឈ្មោះ យ៉ា ចំរុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ និងទី៨៖ ឈ្មោះ វ៉ែន ដាវីត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការដ៏ក្តៅគគុកខាងលើនេះ មន្ត្រីជំនាញសង្គ្រោះបានជនរងគ្រោះម្នាក់ទៀតដែលក្រុមជនសង្ស័យកំពុងធ្វើការបង្ខាំង មានឈ្មោះ MA CHANG ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិចិន ក្នុងភូមិសាស្ត្រសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕