2025-10-10 13:56
12

កងកម្លាំងចម្រុះរបស់សៀម នៅតែបន្តទន្ទ្រានទឹកដី និងរំលោភដែនអធិបតេយ្យកម្ពុជាដោយមិនញញើតច្បាប់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នៅថ្ងៃទី១០ តុលា ឆ្នាំ២០២៥ នេះ កងកម្លាំងចម្រុះថៃ បានប្រើច្បាប់ព្រៃមកលើកម្ពុជាជាថ្មីម្ដងទៀត ដោយបាននាំយកគ្រឿងចក្រ និងឧបករណ៍មួយចំនួន មកឈូសឆាយលើដែនអធិបតេយ្យកម្ពុជា យ៉ាងគឃ្លើន ដោយមិនខ្វល់ពីអ្វីទាំងអស់។ ទង្វើដ៏បំពាននេះ បានកើតឡើងនៅនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមជម្រាបឲ្យដឹងថា ក្រោយអភិបាលខេត្តបន្ទាយមានជ័យ បានផ្ញើលិខិតច្រានចោលការចោទប្រកាន់របស់ភាគីថៃ ជុំវិញការលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាដែលកំពុងតាំងទីលំនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ទាំងនាយករដ្ឋមន្រ្តីថ្មីថៃ និងអភិបាលខេត្តស្រះកែវ នៅតែប្រកាន់ជំហរអះអាងថា ប្រសិនណា កម្ពុជាមិនព្រមជម្លៀសប្រជាពលរដ្ឋនៅតំបន់ខាងលើចេញទេនោះ ពួកគេនឹងប្រើច្បាប់ព្រៃលើប្រជាពលរដ្ឋកម្ពុជាដែលរស់នៅតំបន់នោះដោយមិនញញើតឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទីតាំងខាងលើនេះ ប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយមុនការចូលជាធរមាននៃ MOU ឆ្នាំ ២០០០ ទៅទៀត នេះជាការបញ្ជាក់របស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យទៅកាន់អភិបាលខេត្តស្រះកែវ កាលពីថ្ងៃទី០៨ តុលា ឆ្នាំ២០២៥៕