2025-10-13 13:32
14

បន្ទាយមានជ័យ៖ នៅព្រឹកចន្ទ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ សកម្មភាពកងកម្លាំងចម្រុះថៃជាច្រើននាក់ ប្រដាប់ដោយអាវុធ បានបន្តសកម្មភាពរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយលួចធ្វើការឈូសឆាយទីតាំងថ្មីបន្ថែមទៀត ស្ថិតនៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 

សូមជម្រាបថា អាជ្ញាធរខេត្តស្រះកែវ និងកងកម្លាំងចម្រុះប្រដាប់ដោយអាវុធថៃ ក្នុងរយៈប៉ុន្មានថ្ងៃនេះបានធ្វើសកម្មភាពបំពានជាបន្តបន្ទាប់ទាំងការឈូសឆាយ ដីចម្ការរបស់ប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ដែលបានអាស្រ័យផលជាយូរមកហើយ និងបន្តចាក់សំឡេងរំខានលឺខ្លាំងៗ ដូចជាសំឡេងខ្មោចលង ឆ្កែព្រុស ឆ្កែលូ សម្លេងខ្យល់ សម្លេងយន្តហោះ ជាដើម ដើម្បីបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាពលរដ្ឋជាជនស៊ីវិល នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់។ 

អំពើចាក់សំឡេងរំខានរបស់ថៃ គឺជាសកម្មភាពដែលគួរត្រូវបានចាត់ទុកថា មិនសមស្របទាំងផ្លូវការ និងសីលធម៌អន្តរជាតិ។ វាមិនអាចដោះស្រាយបញ្ហាព្រំដែននាំឱ្យមានសន្តិភាពឡើយ។ ផ្ទុយទៅវិញ អាចបង្កការខូចខាតដល់ទំនាក់ទំនងល្អរវាងប្រជាជននៃប្រទេសទាំងពីរ។ 

កម្ពុជាបានបង្ហាញភាពទំនើប និងប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ដោះស្រាយវិវាទតាមផ្លូវច្បាប់ និងការពិភាក្សាដោយសន្តិវិធី មិនប្រើអំពើ ឬការបង្កអារម្មណ៍ប្រឆាំងឡើយ។ នេះជាវិធីសាស្ត្រដែលអាចជួយថែរក្សាសន្តិភាព និងស្ថិរភាពតំបន់បានយូរអង្វែង។ 

ជាការឆ្លើយតបបញ្ហានេះ កម្ពុជាបានអនុវត្តនូវយុទ្ធសាស្ត្រអត់ធ្មត់ និងសន្តិភាព ដោយជូនដំណឹង និងប្តឹងទៅក្រុមសង្កេតការណ៍អន្តរជាតិ (IOT) ដើម្បីឲ្យមានការស៊ើបអង្កេត និងកំណត់ភាពជាក់លាក់។ យុទ្ធសាស្ត្របែបនេះបង្ហាញពីភាព «សុចរិត យុត្តិធម៌ និងការគោរពច្បាប់អន្តរជាតិ» របស់កម្ពុជា ដែលជាការបង្ហាញថា កម្ពុជាមិនចង់ឲ្យបញ្ហាតូចៗក្លាយជាភាពតានតឹងធំៗនោះទេ ជាពិសេសអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់។ 

ចំពោះការអត់ធ្មត់មានដែនកំណត់ កម្ពុជាក៏រក្សាសិទ្ធិការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៅតាមតំបន់ព្រំដែនរបស់ខ្លួនដែរ៕