2025-10-15 11:26
6

ភ្នំពេញ៖ អតីតមន្ត្រីនគរបាលម្នាក់ មានតួនាទីជានាយកការិយាល័យភស្តុភារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបើករថយន្តស្ថិតក្នុងស្ថានភាស្រវឹង បង្កជាគ្រោះថ្នាក់ចរាចរណ៍បុករះ នៅមុខក្រសួងមហាផ្ទៃ បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួស ចំនួន ០៣ នាក់ កាលពីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៣ឆ្នាំ តែតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារត្រឹមតែ ១ឆ្នាំ ប៉ុណ្ណោះ ទោសនៅសល់ត្រូវព្យួរ និងពិន័យជាប្រាក់ចូលថវិការរដ្ឋ ចំនួន ៤ លានរៀល។

តាមរយៈអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌលេខ ២៧០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។ ក្រោយពីបានធ្វើកិច្ចពិភាក្សា ដេញដោលលើជនជាប់ចោទភាគីពាក់ព័ន្ឋ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ចៅក្រមជំនុំជម្រះ បានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ៣៨០៩ «ភ» នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បាន សម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ ៦១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ០៣ (បី) ឆ្នាំ ដោយទោសនេះត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ទោសសល់ពីនេះត្រូវព្យួរទោសធម្មតា និងពិន័យជាប្រាក់ ចំនួន ៤ លានរៀល ពីបទ៖ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ» ប្រព្រឹត្តនៅចំណុចមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី១ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ចៅក្រមជំនុំជម្រះក៏បានសម្រេចប្រកាសទោសបន្ថែមលើជនជាប់ចោទឈ្មោះ ហ៊ុន ហេង ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ធនាគារ»៕