2025-10-16 17:49
6

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី   កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នេះ បានចេញអធិបញ្ជាឱ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមព្រហ្មទណ្ឌលេខ ៣៨០៩ “ក” ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់ និងរបួសច្រើននាក់ ដែលមានជនជាប់ចោទ ហ៊ុន ហេង អតីតមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលនគរបាលរាជធានីភ្នំពេញ។ 

ការចេញអធិបញ្ជារបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបណ្ដឹងឧទ្ធរណ៍ចំពោះសាលក្រមព្រហ្មទណ្ឌខាងលើ យោងមាត្រា ២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ស្របតាមនីតិវីធីជាធរមាន ដើម្បីធានាដល់ការពង្រឹងការអនុវត្តច្បាប់នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងលិខិត របស់លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុច មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ, ឈ្មោះ ហ៊ុន ហេង ភេទប្រុស បានបើករថយន្ត ០១ គ្រឿង ម៉ាក Lexus RX400h ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២AQ-២១៨៨ ស្ថិតក្នុងស្ថានភាពស្រវឹង ដោយបានបុកពីក្រោយយានយន្ត ចំនួន ០៥គ្រឿង បណ្តាលឱ្យមានមនុស្សស្លាប់ ចំនួន ០១ នាក់ និងរងរបួសធ្ងន់ និងស្រាលមួយចំនួន ព្រមទាំងបង្កឱ្យមានការខូចខាតដល់យានយន្ត និងទ្រព្យសម្បត្តិមួយចំនួនផងដែរ។ 

ចំពោះសំណុំរឿងនេះ, សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស ឈ្មោះ ហ៊ុន ហេង ដាក់ពន្ធនាគារកំណត់ ៣ឆ្នាំ តែទោសនេះអនុវត្តក្នុង ពន្ធនាគារ ១ឆ្នាំ ទោសសល់ពីនេះត្រូវព្យួរ និងពិន័យជាប្រាក់ ចំនួន ៤ លានរៀល ពីបទ៖ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ» តាមសាលក្រមព្រហ្មទណ្ឌលេខ ៣៨០៩ “ភ” ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ 

ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា «អង្គហេតុខាងលើមានមនុស្សស្លាប់ និងរងរបួសច្រើននាក់ ព្រមទាំងយានយន្ត និងទ្រព្យសម្បត្តិជាច្រើនរងការខូចខាត ដែលបានបង្កឱ្យមានភាពវឹកវរដល់សណ្តាប់ធ្នាប់សាធារណៈ»។

អាស្រ័យហេតុនេះ, យោងតាមមាត្រា ២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌សូមចេញអធិបញ្ជាឱ្យព្រះរាជអាជ្ញាធ្វើការបណ្ដឹងឧទ្ធរណ៍ចំពោះសាលក្រមព្រហ្មទណ្ឌលេខ ៣៨០៩ “ក” ចុះថ្ងៃទី ១៤-១០-២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញខាងលើ ស្របតាមនីតិវីធីជាធរមាន ដើម្បីធានាដល់ការពង្រឹងការអនុវត្តច្បាប់នៅព្រះរាជាណាចក្រកម្ពុជា៕