2025-10-17 09:55
12

ភ្នំពេញ៖ នៅចំពោះមុខភាពគឃ្លីននៃការឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីកម្ពុជា សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាម អត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោម តាមច្បាប់អន្តរជាតិ។

សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរព និងអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃ ទំនាក់ទំនងឡើងវិញ។

នេះបើយោងតាមខ្លឹមសារនៃសេចក្តីប្រកាសព័ត៍មាន ស្តីពី លទ្ធផលសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនេះផងដែរ ព្រឹទ្ធសភាសូមសម្តែងនូវការដឹងគុណជូនវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងសូមថ្លែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពដឹកនាំប្រកបដោយភាពវៀងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងសភាពការណ៍ របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់៕