
ការបង្ហាញអាកប្បកិរិយា និងទស្សនៈជាតិនិយមបែបឈ្លានពានរបស់កងទ័ពថៃ កាលពីថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៥នេះ នៅភូមិព្រៃចាន់ តាមបណ្តោយព្រំដែនកម្ពុជានោះ បានបង្កការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិ។ រូបភាពវីដេអូបង្ហាញឲ្យឃើញថា ទាហានថៃជាង ២០ នាក់ កាន់ដៃគ្នាជាជួរដើរឆ្លងកាត់ដីស្រែចំការរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងទឹកដីកម្ពុជា ដោយច្រៀងចំរៀងជាតិជ្រុលនិយម “ចម្រៀងភ្លេងជាតិ”។
ព្រឹត្តិការណ៍នេះ ត្រូវបានអះអាងថា ជា “និមិត្តសញ្ញាបង្ហាញថាទីតាំងនោះ ជាដែនអធិបតេយ្យភាពរបស់ប្រទេសថៃ” ដោយវរសេនីយឯក ឆៃណារុង កាស៊ី មេបញ្ជាការកងទ័ពពិសេសទី១២ នៃកងទ័ព Burapha ដែលបាននិយាយថា៖ “ទីណាដែលជើងកងទ័ពថៃដើរឆ្លងទៅ ទីនោះជាដែនដីថៃ” នេះជាការរំលោភបំពាន និងឈ្លានពានទឹកដីកម្ពុជាយ៉ាងពិតប្រាកដ។
ការនិយាយរបៀបមេទ័ពព្រៃថៃ ដែលមិនយល់អំពីអ្វីដែលគេហៅថា ជា “សន្ធិសញ្ញា និងអនុសញ្ញាបារាំង-សៀម១៩០៤-១៩០៧” ដែលមានចងនៅក្នុង MOU ២០០០ ថែមទៀតផងនេះ និងមិនមែនជាការសម្ដែងអារម្មណ៍បែបជាតិនិយមធម្មតានោះទេ ប៉ុន្តែជាការបង្ហាញនូវភាពគឃ្លើន និងជាទស្សនៈអាណានិគមសម័យថ្មី ក្នុងសតវត្សទី២១ ដែលថៃកំពុងប្រើ ដើម្បីសម្ញែងអំណាចនៃឥទ្ធិពលយោធារបស់ខ្លួនដោយគម្រាមកម្ពុជា ដើម្បីឈានទៅការរំកិល និងកាត់ និងច្រៀកយកដីកម្ពុជា ក្នុងពេលដែលកម្ពុជាមិនតបត និងកំពុងរក្សាភាពស្ងៀមស្ងាត់ដោយគោរពទៅតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ីឲ្យមានប្រសិទ្ធិភាពនោះ បែរជាយោធាថៃដែលល្មោភសង្គ្រាមបានកំពុងអនុវត្តយុទ្ធសាស្ត្រកាត់ទឹកដីកម្ពុជាបន្តិចម្តងៗ “Salami-slicing Strategy”។
នេះសរបញ្ជាក់ឲ្យឃើញនូវការឈ្លានពានបន្តិចម្តងៗ ដើម្បីរំលោភទឹកដីកម្ពុជាដែលនៅជាប់ព្រំប្រដែនជាមួយខ្លួន ដែលហាក់បីដូចជាក្រុមឧទ្ទាមទ័ពព្រៃដែលមិនគោរពច្បាប់អន្តរជាតិ និងមានលក្ខណៈជាចោរលួចទឹកដី និងធ្វើមិនឲ្យមានការចាប់អារម្មណ៏ពីសហគមន៏ជាតិនិងអន្តរជាតិ។
ការឈ្លានពានជ្រកក្រោមស្លាក “និមិត្តរូប” ការអះអាងថា “ជើងកងទ័ពដើរទៅណា ទីនោះជាទឹកដីថៃ” គឺជាការរំលោភលើអធិបតេយ្យភាពនៃប្រទេសកម្ពុជាយ៉ាងច្បាស់ក្រឡែតមិនអាចប្រកែកបានឡើយ។ ទស្សនៈបែបនេះស្ទើរតែជាប្រវត្តិសាស្ត្រផ្ទាល់ខ្លួនរបស់ថៃ ដែលតែងតែចង់សម្ញែងភាពខែងរែងលើប្រទេសជិតខាង ដូចជាអតីតសម័យអាណានិគម។
វាជារបៀបចាស់គំរិលមួយនៃការប្រើកម្លាំងទ័ពក្នុងការកំណត់ព្រំដែន ដោយមិនគោរពច្បាប់អន្តរជាតិ និងគោរពតាមកិច្ចព្រមព្រៀង JBC, GBC, RBC បទឈប់បាញ់ ដែលបានចែងថា ភាគីទាំងពីត្រូវរក្សាស្ថានភាពដើម ដោយមិនត្រូវការចល័តកម្លាំងទ័ព ឬបង្កហេតុណាមួយឡើយ តែផ្ទុយទៅវិញភាគីថៃ មិនត្រឹមតែមិនអនុវត្តតាមនូវបទឈប់បាញ់នោះទេ ថែមទាំងបាននិងកំពុងបំពានលើប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ថែមទៀតផង។
ការសម្ដែងកាយវិការដ៏ក្រអើតក្រទមនេះកើតឡើងក្នុងពេលនៃកិច្ចប្រជុំសន្តិភាពក្រោមការយកចិត្តទុកដាក់ពីសំណាក់មេដឹកនាំសហរដ្ឋអាមេរិក និងប្រធានអាស៊ាន ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២៥ ថែមទៀតផង។ ការណ៏នេះបញ្ជាក់ច្បាស់ណាស់ថា ថៃនឹងមិនមានបំណងចូលរួមយ៉ាងស្មោះត្រង់នោះទេ ព្រោះគេបានបង្ហាញចរិកថា ទោះមានការចុះហត្ថលេខាក៏ដោយ ក៏ខ្លួននឹងមិនអនុវត្តតាមដដែល។
ការបំពានលើសិទ្ធិ និងសន្តិភាពស៊ីវិលថៃមិនត្រឹមតែបង្ហាញអាកប្បកិរិយាឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើសង្គ្រាមផ្លូវចិត្ត ដោយចាក់សម្លេងខ្មោច សម្លេងឆ្កែលូ និងសម្លេងរំខានយ៉ាងខ្លាំងដល់មនុស្សចាស់ កុមារ និងប្រជាពលរដ្ឋកម្ពុជាពេលយប់ថែមទៀតផង។ ទង្វើនេះវាជាវិធីបំភិតបំភ័យដល់ប្រពលរដ្ឋកម្ពុជា និងបង្កអារម្មណ៍កក់ស្លុតដល់សាធារណជនថែមទៀតផង ដែលទង្វើនេះអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនកំពុងរិះគន់យ៉ាងខ្លាំងថា នេះជាទង្វើបែបជាការរំលោភបំពានធ្ងន់លើសិទ្ធិរស់នៅ និងសន្តិភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃចាន់របស់កម្ពុជា។
គោលបំណងពិតប្រាកដរបស់ក្រុមយោធាព្រៃរបស់ថៃបែបនេះ គឺជាការបង្វែរចំណាប់អារម្មណ៏ និងការយកចិត្តទុកដាក់អន្តរជាតិតែប៉ុណ្ណោះ ការណ៏នេះអ្នកវិភាគជាច្រើនបានយល់ឃើញថា ពេលនេះថៃ កំពុងប្រើបញ្ហាព្រំដែននេះជាយុទ្ធសាស្ត្រ ដើម្បីបង្វែរការចាប់អារម្មណ៏របស់ប្រជាជនជ្រុលនិយមថៃ កុំឲ្យយកចិត្តទុកដាក់លើបញ្ហាវិបត្តិសេដ្ឋកិច្ច និងសង្គមខ្លួនដែលកំពុងរង្គោះរង្គើររកកល និងដួលរលំក្នុងពេលដ៏ខ្លីខាងមុខ ដោយសារតែការកើតចេញពីការបិទព្រំដែនកម្ពុជាថៃជាឯកតោភាគី និងការធ្វើពហិការដ៏ខ្លាំងក្លាដូចទឹកបាក់ទំនប់ពីប្រជាពលរដ្ឋកម្ពុជាដែលឈឺចាប់ក្នុងការំលោភបំពានទឹកដីកម្ពុជា ម្តងហើយម្តងទៀត ពីសំណាក់កងទ័ពព្រៃ។
ការបង្កជម្លោះជាមួយកម្ពុជា គឺជាវិធីមួយក្នុងការបង្កើតអារម្មណ៍ជាតិនិយមបែបប្រជាភិថុតបណ្តាលឲ្យប្រជាពលរដ្ឋថៃបំភ្លេចគិតទៅលើអសម្ថភាពដឹកនាំរដ្ឋាភិបាល Anutin Charvirakul និងការបរាជ័យក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ចថៃ។ នេះក៏វាជាវិធី “លួងចិត្តប្រជាជន” ដើម្បីស្វែងរកការគាំទ្រផ្ទៃក្នុងបណ្តោះអាសន្នក្រែងអាចត្រូវបានប្រជាជនថៃបោះឆ្នោតឲ្យបន្តដឹកនាំប្រទេសបន្តទៀត។
ទោះបីកម្ពុជាកំពុងរក្សាការស្ងៀមស្ងាត់ ដើម្បីជៀសវាងការចាប់ផ្តើមសង្គ្រាមជាថ្មីឡើងវិញ ក៏ដោយ ក៏កម្ពុជាមិនអាចទទួលយកបាននូវសកម្មភាពឈ្លានពានទាំងនេះឡើយ។ កម្ពុជាបន្តប្រើយន្តការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព និងទឹកដីជាតិ បើទោះបីជាត្រូវទប់ទល់និងសង្គ្រាមដែលកើតឡើងជាថ្មីទៀតក៏ដោយក៏កម្ពុជានឹងត្រូវតែប្តូរយកដែរ ព្រោះនេះជាទឹកចិត្តស្រឡាញ់ប្រទេសជាតិនិងទឹកដីដ៏ពិសិដ្ឋដែលមិនអាចកាត់ថ្លៃបានមួយនេះឲ្យបានគង់វង្សនិងស្ថិតស្ថេរ។ ការស្ងៀមស្ងាត់មិនមែនជាសញ្ញានៃការព្រមទទួលយកនោះទេ ប៉ុន្តែជាវិធីសន្តិភាពដើម្បីការអនុវត្តនិតិវិធីការទូតនិងច្បាប់ដើម្បីរកយុត្តិធម៌តាមយន្តការអន្តរជាតិឲ្យមានប្រសិទ្ធិភាពបានតាមការគ្រោងទុក។
ការរំលោភព្រំដែនដោយគឃ្លើនរបស់កងទ័ពថៃនេះ គឺមិនអាចទទួលយកបានទេ ចំពោះទស្សនៈថា «ជើងកងទ័ពដើរទៅណា ទីនោះជាដែនដីថៃ» គឺជាការរំលោភដ៏ច្បាស់លាស់លើទឹកដី និងកិត្តិយសជាតិរបស់កម្ពុជា។ ប្រសិនបើថៃនៅតែបន្តសកម្មភាពបែបនេះ វាមិនត្រឹមតែបង្ហាញពីការច្រានចោលនូវកិច្ចព្រមព្រៀងសន្តិភាពដែលនឹងត្រូវធ្វើនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលដ៏ខ្លីខាងមុខនោះទេ ប៉ុន្តែនេះជាការបើកទ្វារចូលទៅរកជម្លោះ ដ៏ស្រួចស្រាល់ រ៉ាំរ៉ៃនិងគ្រោះថ្នាក់ដល់ប្រទេសជាតិនៃប្រទេសទាំងពីរតាមរយៈសង្គ្រាមកើតឡើងជាថ្មីម្តងទៀតនៅពេលខាងមុខ។ កម្ពុជា មានសិទ្ធិស្របច្បាប់ក្នុងការការពារដែនដី និងអធិបតេយ្យភាពជាតិ។ ព្រំដែនមិនមែនជាទីកន្លែងសម្រាប់ «ការសម្ដែងជាតិនិយម» ឬ «ការសាកល្បងអំណាចយោធា»ទេ ប៉ុន្តែជាដែនកំណត់នៃការគោរព និងសន្តិភាពរវាងប្រជាជាតិទាំងពីរ។
ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ ដែលត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីខ្នាត១/២០០ ០០០ និងមានបង្គោលព្រំដែន ចំនួន ៧៤ បង្គោល ដែលត្រូវបានបោះកាលពីជាង ១០០ឆ្នាំមុន។ ជាមួយនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មិនទទួលយកជាដាច់ខាតនូវការប្រកាសជាឯកតោភាគីរបស់យោធាថៃ ពីព្រោះយោធាគ្មានសមត្ថកិច្ច ក្នុងការសម្រេចខណ្ឌសីមារបស់ប្រទេសនោះឡើយ ហើយការប្រកាសដូច្នេះ ក៏គ្មានតម្លៃគតិយុត្តនោះដែរ៕ ដោយ៖ ពិន វិជ័យ - អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ


