2025-10-22 16:28
9

គុនខ្មែរ៖ ការប្រកួតម៉ារ៉ាតុនគុនខ្មែរជើងខ្លាំងទាំង៨នាក់ ជម្រុះយកតែម្នាក់ ក្នុងនោះ ធឿន ធារ៉ា គឺជាបេក្ខភាពម្នាក់ដែរ ប្រជែងយកជើងឯក ក្លាយជាម្ចាស់កំប៉ុងមាស ពីហ្គេនស្បើគ ពោរពេញទៅដោយភាពតានតឹងសម្រាប់អ្នកលេងពូថៅដៃពិឃាដ ជាម្ចាស់ផ្ទះតំណាងកម្ពុជា ។

ការប្រកួត 8 Men Tournament ដណ្ដើមកំប៉ុងមាស ដែលគ្រោងនឹងរៀបចំការប្រកួតលើទឹកដីខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ត្រូវបានគេរំពឹងថា អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា នឹងអាចស្ដាប្រជាប្រិយភាពពីអ្នកគាំទ្រគុនខ្មែរបានមកវិញ បន្ទាប់ពីគេបានធ្វើឱ្យសមត្ថភាពស្រុតចុះនៅមួយរយៈចុងក្រោយនេះយ៉ាងគំហុគ។

បេក្ខភាពទាំង៧នាក់ ដែលមកពី៧ប្រទេសផ្សេងៗគ្នា សុទ្ធតែគ្រោះថ្នាក់ទាំងអស់ មិនថា ធឿន ធារ៉ា ចាប់ឆ្នោតជួបប្រកួតជាមួយម្នាក់ណាមុននោះឡើយ។ អ្នកទាំង៨នាក់នោះរួមមាន៖ ១.THOEUN THEARA (កម្ពុជា) , ២.PAVEL GRISHANOVICH (បេឡារ៉ូស), ៣. MAJID SHAHRIYARI (អីុរ៉ង់), ៤. VASSILI THAIKILLA (រ៉ូស្សី), ៥.MOHAMMED ALI (ម៉ារុក), ៦. NIVEK HOOK (ញ៉ូហ្សេលេន), ៧. LI PO LING (ចិន), ៨. MOHAMMED BULLALMAUN (អេស្បាញ) ។

ជាងនេះទៅទៀត ក្នុងចំណោមអ្នកទាំង៧នាក់នោះ មានម្នាក់ធ្លាប់ជួប ធឿន ធារ៉ា ម្ដងនឹងធ្លាប់បន្សល់ផ្ដល់ភាពជូចត់បំផុតទុកអោយអ្នកលេងគុនខ្មែររូបនេះ។ អ្នកគាំទ្រគុនខ្មែរទាំងអស់ប្រហែលជានៅចាំបានច្បាស់ PAVEL GRISHANOVICH ដែលមកពី បេឡារ៉ូស ធ្លាប់ធ្វើឱ្យ ធឿន ធារ៉ា ស្ទើរតែបោះបង់ការប្រកួតបាត់ទៅហើយកាលណោះ។

គេនៅចាំបានថា កាលពីជាង១ឆ្នាំមុន ពោលគឺនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤កន្លងទៅ ធឿន ធារ៉ា បានជួបគ្នាជាមួយ បាវ៉ែល ជ្រីសាណូវីស នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពាន 8 Men Tournamentពីកម្មវិធីនេះដូចគ្នា ដោយអ្នកលេងវ័យក្មេងមកពី បេឡារ៉ូស វាយកែងបក ធ្វើឱ្យ ធឿន ធារ៉ា បែកចិញ្ចើម និងវង្វេងស្មារតីស្ទើរ តែបោះបង់ការប្រកួតទៅហើយ តែសំណាងដែរអ្នកលេងពូថៅដៃពិឃាដអាចស្រង់ដើមមកវិញបាននៅវិនាទីចុងក្រោយ នៅចុងទឹកផ្ដាច់ព្រ័ត្រ។

យ៉ាងណា ការប្រកួត 8 Men Tournament ដណ្ដើមកំប៉ុងមាស នៅថ្ងៃទី០៦ ខែវិច្ឆិកា ចួនចំថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីបខាងមុខនេះ បាវែល ជ្រីសាណូវីស គឺជាកីឡាករម្នាក់ក្នុងចំណោមបេក្ខភាពទាំង៧នាក់ ដែលមានមហិជ្ជតាខ្ពស់ចង់ជួប ធឿន ធារ៉ា ជាងគេ ដោយផ្ដោតលើការសងសឹងតែម្ដង។ ក្រៅតែពី បាវែល មានមហិជ្ជតាសងសឹកកីឡាករគុនខ្មែរយើង អ្នកផ្សេងៗទៀតក៏មិនគួរមើលរំលងដែរ ព្រោះសុទ្ធតែមានសមត្ថភាពខ្ពស់ទើបអាចចូលរួមប្រកួតកម្មវិធី 8 Men នេះបាន។

ដូចនេះ សម្រាប់អ្នកលេងពូថៅដៃពិឃាដគុនខ្មែរ ធឿន ធារ៉ា ប្រកួតម៉ារ៉ាតុនជម្រុះត្រឹមតែមួយយប់ ក្លាយទៅជាម្ចាស់ជើងឯក ដណ្ដើមយកំប៉ុងមាសសុទ្ធវាមិនងាយស្រួលពេលទេ តម្រូវអោយសមត្ថភាពខ្លាំង និងមានការប្រុងប្រយ័ត្នខ្ពស់។ ប៉ុន្តែ ការប្រកួតមួយនេះត្រូវបានគេរំពឹងថា ប្រសិនបើ ធឿន ធារ៉ា ឈ្នះមែន គេនឹងអាចស្រូបទាញប្រជាប្រិយភាពពីអ្នកគាំទ្របានមកវិញកាន់តែខ្លាំង ។

គួរជម្រាបជូនថា បើតាមប្រភពព័ត៌មានពីអ្នករៀបចំកម្មវិធី ដែលអាចទុកចិត្តបាន បានឱ្យដឹងថា ធឿន ធារ៉ា បើឈ្នះការប្រកួតក្លាយជាជើងឯក 8 Men Tournamentម្ចាស់កំប៉ុងមាស រូបគេនឹងទទួលបានឱកាសដ៏ធំមួយទៀត គឺ ធឿន ធារ៉ា កក់កៅអីរង់ចាំសងសឹកដៃគូចាស់ ដែលធ្លាប់ធ្វើឱ្យអ្នកលេងពូថៅដៃពិឃាដចាញ់យ៉ាងអាម៉ាស់ ក្នុងការប្រកួតអំបោះឆៅ ត្រឹមតែទឹកទី១ កាលពីពេលថ្មីៗនេះ...៕