2025-10-23 21:50
13

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ទី២៣ ខែតុលា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន បានរៀបចំពិធីប្រកាសជ័យលាភី «សាលាមេត្រីបរិស្ថាន លើកទី៥ ឆ្នាំ២០២៥» នៅទីស្តីការក្រសួង ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ពិធីនេះ ត្រូវបានរៀបចំឡើង ដើម្បីលើកទឹកចិត្ត និងការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់សាលារៀនក្នុងការអនុវត្តគោលការណ៍ណែនាំស្តីពី «សាលាមេត្រីបរិស្ថាននៅកម្ពុជា»

សាលារៀនដែលជាប់ជ័យលាភី មានចំនួន ៦ ក្នុងចំណោមសាលារៀន ចំនួន ៣៥ នៅទូទាំងប្រទេស ដែលរួមមានវិទ្យាល័យ ចំនួន ២, អនុវិទ្យាល័យ ចំនួន ២ និងលាលាបឋមសិក្សា ចំនួន ២ សាលា។ ក្នុងនោះក្រសួងបរិស្ថាន បានកំណត់នូវប្រភេទពានរង្វាន់ជូនសាលារៀនទាំង ៦ ដែលជាម្ចាស់ជ័យលាភី រួមមាន៖ ពានជ័យលាភីកម្រិតមាស ចំនួន ២ សាលារៀន។ ពានជ័យលាភីកម្រិតប្រាក់ ចំនួន ០២ សាលារៀន និងពានជ័យលាភីកម្រិតសំរិទ្ធ ចំនួន ០២ សាលារៀន។ 

លើសពីនេះ ក្រសួងបរិស្ថានក៏បានការលើកទឹកចិត្តបន្ថែម ដោយបានប្រគល់ បណ្ណសរសើរមេត្រីបរិស្ថាន ជូនដល់សាលារៀនចំនួន ២៩ ផ្សេងទៀត និងប្រគល់បណ្ណសរសើរ លិខិតសរសើរដល់នីតិបុគ្គល និងរូបវ័ន្តបុគ្គលដែលបានចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មកពីវិស័យឯកជន ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនអ្នកស្រឡាញ់បរិស្ថាន មួយចំនួនផងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងសេចក្តីសោមនស្សរីករាយ និងអបអរសាទរដល់សាលារៀនទាំងពីរកម្រិតដែលទទួលបានជ័យលាភី ដោយលើកទឹកចិត្តសាលារៀនដែលមិនទាន់ជាប់ ឱ្យបន្តការខិតខំប្រឹងប្រែងដើម្បីបុព្វហេតុនិរន្តរភាពបរិស្ថាន និងការបណ្តុះបណ្តាលយុវជនស្របតាមសសរត្ថម្ភ ៣ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺ ភាពស្អាត ភាពបៃតង និងចីរភាព នៅតាមសាលារៀន និងនៅក្នុងសហគមន៍ជុំវិញ ផ្តើមចេញពីភាពស្អាត និងភាពបៃតងនៅក្នុងចិត្តរបស់យើងម្នាក់ៗជាមុន។

កិច្ចសហការដ៏ល្អរវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន គឺដើម្បីធានាការអប់រំប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ពីព្រោះបញ្ហាបរិស្ថានគឺជាបញ្ហាអន្តរវិស័យ ដូច្នេះការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ គឺចាំបាច់ដើម្បីសម្រេចបានកម្ពុជាមានភាព «ស្អាត, បៃតង និងចីរភាព»។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នឋាក់ថឹកនាំ និងមន្រ្តីរាជការក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងល្អក្នុងការជំរុញចលនាសាលាមេត្រីបរិស្ថាននៅកម្ពុជា

សូមជម្រាបជូនថា «សាលាមេត្រីបរិស្ថាន» គឺជាសាលាដែលលើកកម្ពស់គុណតម្លៃនៃការអនុវត្តចីរភាពបរិស្ថាន តាមរយៈការកសាងជាសាលា ស្អាត បៃតង និងមានបរិយាកាសសិក្សាល្អ សម្រាប់បម្រើដល់ផលប្រយោជន៍របស់សាលារៀន សហគមន៍ និងសង្គមទាំងមូល។ ការប្រឡងប្រណាំងនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ពីរឆ្នាំម្តង ចាប់តាំងពីឆ្នាំ២០១៧ មក។ នៅក្នុងដំណើរការវាយតម្លៃសម្រាប់ឆ្នាំ២០២៥ មានសាលារៀន ចំនួន ៣៥  មកពីបណ្តាខេត្ត ចំនួន ១៧ បានដាក់ពាក្យចូលរួមប្រកួត និងត្រូវឆ្លងកាត់ការវាយតម្លៃជាដំណាក់កាលធំៗ ក្នុនោះរូមមាន៖

ទី១៖ ការប្រកាសជូនដំណឹងរយៈពេល ១ ខែ។ ដំណាក់កាលទី២៖ ការជ្រើសរើសរបស់មន្ទីរបរិស្ថានខេត្ត (២ សាលា/ខេត្ត) ដោយផ្អែកលើ ការរៀបចំ «ភាពស្អាត» និង «ភាពបៃតង» និងការចូលរួមយុទ្ធនាការគំរូរបស់ក្រសួង ដូចជា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «កម្ពុជាស្អាត ខ្មែរធ្វើបាន» «យុទ្ធនាការពន្លកបៃតង» ជាដើមឈើជាដើម។ ដំណាក់កាលទី៣៖ ការត្រួតពិនិត្យ និងវាយតម្លៃដោយនាយកដ្ឋានអប់រំបរិស្ថាន ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ៤ ចំណុច៖ (១) គោលការណ៍ និងរដ្ឋបាល, (២) ការបង្រៀន និងសកម្មភាពអប់រំបរិស្ថាន, (៣) សម្ភារៈបរិក្ខាអប់រំបរិស្ថាន, និង (៤) ភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ។ និងដំណាក់កាលទី៤៖ ការប្រគល់បណ្ណ និងពានជ័យលាភីសាលាមេត្រីបរិស្ថាន៕