2025-10-30 15:44
22

ឧត្តមានជ័យ៖ ស្ត្រីជាប្រពន្ធបានក្លាយជាឃាតករ ព្រោះជ្រុលដៃវាយសម្លាប់ប្តីខ្លួន ដោយផ្តើមឡើងអំពីបញ្ហាជម្លោះផ្ទៃក្នុងគ្រួសារ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណី “ឃាតកម្ម” វាយសម្លាប់ប្ដីខ្លួនឯង ព្រោះរឿងទំនាស់ពាក្យសម្ដីក្នុងគ្រួសារ។

ស្ត្រីជាជនដៃដល់ មានឈ្នោះ រិន សារ៉េត អាយុ ៤៨ឆ្មាំ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិលរីឯជនរងគ្រោះ មានឈ្មោះ សាញ់ ស៊ីម ភេទប្រុស អាយុ ៣៩ឆ្នាំ ជាមន្ត្រីយោធា។ ទាំងពីរជាប្តី-ប្រពន្ធនឹងគ្នា រស់នៅភូមិ ឃុំកើតហេតុ។

ស្ត្រីជាប្រពន្ធបានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុពួកគាត់ទាំងពីរបានឈ្លោះប្រកែកពាក្យសម្តីគ្នា រហូតឈានដល់មានការប្រតាយប្រតបទៅវិញទៅមក ខណៈពេលនោះគាត់បានយកដំបងដែលមានជាប់ដែកគោលវាយចំពីលើក្បាលប្ដីផ្នែកខាងឆ្វែងបណ្ដាលឲ្យស្លាប់តែម្ដង។

សូមបញ្ជាក់ថា ករណី ប្រពន្ធវាយសម្លាប់ប្ដីនេះ បានកើតឡើងកាលព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៧និង៣០នាទី ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ 

ក្រោយពីកើតហេតុ មន្ត្រីជំនាញបានចុះស៊ើបអង្កេតស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនស្ត្រីដៃដល់ជាប្រពន្ធ និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ដឧត្ដរមានជ័យ ដើម្បីអនុវត្តនិតិវិធីច្បាប់៕