ព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នាវាទេសចរណ៍ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ ៦,៨០ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា និងដើរកម្សាន្ត្រ ក្នុងប្រទេសកម្ពុជារយៈពេល ២ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។
មន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអះអាងថា នាវាទេសចរណ៍នេះ មាននាវិក សរុបចំនួន ៤៧១ នាក់ (ស្រី ១១៣ នាក់) មាន ៤១ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍ សរុបចំនួន ៨១៤ នាក់ (ស្រី ៤២៨ នាក់) មាន ១៥ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦០៧ នាក់) និងកាណាដា (៧៩ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៤និង០០នាទី នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥។
ចំពោះការមកដល់នាវាទេសចរណ៍នេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្រុងព្រះសីហនុ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយការពារសុវត្ថិភាពជូនភ្ញៀវទេសចរ ដើម្បីឱ្យពួកគេទស្សនា និងដើរកម្សាន្តដោយក្តីសប្បាយរីករាយ៕




