បាល់ទាត់៖ ការប្រកួតវគ្គ៨ក្រុមចុងក្រោយ នឹងធ្វើនៅខែមីនា ឆ្នាំ ២០២៦ខាងមុខ ដោយក្រុមព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ត្រូវប្រកួតគ្នា២ជើង នៅទឹកដីកម្ពុជាតែម្តង ដើម្បីរកក្រុមតែមួយគត់ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការប្រកួតពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League សម្រាប់ពូល D និងពូល E បានរកឃើញក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ហើយ ។ ពូល D លេខ១ ព្រះខ័នរាជស្វាយរៀង កម្ពុជា, លេខ២ ក្លិប Manila Digger ។ ចំណែកពូល E លេខ១ ក្រុម Dewa United, លេខ២ ភ្នំពេញក្រោន កម្ពុជា ។ ដូចនេះ ការប្រកួតបន្ត ក្រុមលេខ១ ពូល E នឹងត្រូវជួបក្រុមលេខ២ ពូល D ឯក្រុមលេខ១ ពូល D នឹងត្រូវជួបក្រុមលេខ២ ពូល E វិញ ដើម្បីប្រជែងយកកៅអីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ដូច្នេះ ព្រះខ័នរាជស្វាយរៀង ស្មើការប្រកួតចុងក្រោយ ក្លាយជាក្រុមលេខ១ ក្នុងពូល D ខណៈភ្នំពេញក្រោន ឈ្នះការប្រកួតចុងក្រោយ ឈរនៅលេខ២ ក្នុងពូល E ។ ក្រុមទាំង២ របស់កម្ពុជា នឹងត្រូវជួបគ្នានៅវគ្គ៨ក្រុមចុងក្រោយ ប្រជែងយកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត។ តើមានផលចំណេញដែរ ឬទេ សម្រាប់កម្ពុជា..?
ចម្លើយគឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នៅវគ្គ ៨ ក្រុមនេះ នឹងផ្តល់ផលចំណេញធំធេងណាស់ដល់បាល់ទាត់កម្ពុជា បើទោះបីលទ្ធផលយ៉ាងណាក៏ដោយ។ ការជួបគ្នារវាងក្រុមទាំង២ នឹងធានា បាន១០០% គឺកម្ពុជា នឹងមាន១ក្រុម ត្រូវទទួលបានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ យ៉ាងណាមិញ ក្រុមទាំង ២ ជួបគ្នាវគ្គ ៨ ក្រុមចុងក្រោយបែបនេះ នឹងធ្វើឱ្យអ្នកគាំទ្រស្កប់ចិត្តថា ការប្រកួតខាងមុខ មិនខ្វល់លទ្ធផលបែបណានោះទេ ព្រោះមានក្រុមកម្ពុជាមួយ បានកក់កៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចបាត់ទៅហើយ ៕





