2025-11-04 12:54
67

ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ កំពុងបើកការស្រាវជ្រាវលើករណីឆបោកបន្លំ ពីទំព័រហ្វេសប៊ុកមួយឈ្មោះ “ការគាំទ្រអតិថិជន” ដែលបានបង្ហោះផ្សព្វផ្សាយអំពីការបង្វិលរង្វង់សំណាងនៅធនាគារ Wing ដើម្បីឱ្យអតិថិជនបង្វិលកងចាប់យករង្វាន់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា ថ្មីៗនេះ មានករណី ឆបោក តាមទំព័រហ្វេសប៊ុកឈ្មោះ “ការគាំទ្រអតិថិជន” បានបង្ហោះផ្សព្វផ្សាយអំពីការ បង្វិលរង្វង់សំណាងនៅធនាគារ Wing ដើម្បីឱ្យយើងបង្វិលកងចាប់យករង្វាន់ ក្រោយមកមានការណែនាំជាសារឱ្យយើងចុចតំណភ្ជាប់ ដែលតំណភ្ជាប់នេះ គឺជា ការបោកបញ្ឆោតយកទិន្នន័យផ្ទាល់ខ្លួន ដើម្បីឈានទៅដល់ការគ្រប់គ្រងគណនីធនាគាររបស់ជនរងគ្រោះតែម្តង។

នាយកដ្ឋានបានបន្ថែមទៀតថា ពេលដែលយើងចុចតំណភ្ជាប់វាជាឱកាសឱ្យជនល្មើសលួចយកប្រាក់ (ផ្ទេរប្រាក់ចេញ) ពិសេសជាងនេះទៅទៀត ជនល្មើសយកគណនីនេះ ទៅប្រើប្រាស់ជាមួយធនាគារវីងផ្ទាល់ ដើម្បីស្នើសុំកម្ចីប្រាក់ ដូច្នេះជនរងគ្រោះបានបាត់ប្រាក់ពីគណនីធនាគារខ្លួនឯង និងបានជំពាក់បំណុលជាមួយធនាគារវីងដោយមិនបានដឹងខ្លួនទៀតផង។

មន្ត្រីជំនាញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្ន និងពិនិត្យបានហ្មត់ចត់មុននឹងផ្តល់ទិន្នន័យផ្ទាល់ខ្លួនទៅកាន់តំណភ្ជាប់ណាមួយដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការខាតបង់ផលប្រយោជន៍នានា ដោយប្រការណាមួយ។

បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បាននិងកំពុងធ្វើការស្រាវជ្រាវទៅលើករណីនេះ ដើម្បីចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕