2025-11-05 15:21
11

ហុងកុង៖    អាជ្ញាធរហុងកុងបានឲ្យដឹងនៅថ្ងៃអង្គារទី៤ ខែវិច្ឆិកា ២០២៥នេះ ថា ពួកគេបានបង្កកទ្រព្យសម្បត្តិ តម្លៃ ២,៧៥ ពាន់លានដុល្លារហុងកុង ( ស្មើ៣៥៤ លានដុល្លារអាមេរិក) របស់សម្ព័ន្ធក្រុមហ៊ុន Prince Group របស់មហាសេដ្ឋីដើមកំណើតចិន សញ្ជាតិខ្មែរនិងអង់គ្លេស លោក  Chen Zhi  បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទដំណើរការ «មជ្ឈមណ្ឌលបោកប្រាស់» តាមអ៊ីនធឺណិតទ្រង់ទ្រាយធំ ការជួញដូរមនុស្ស  ការធ្វើទារុណកម្មបង្ខំបុគ្គលិកឲ្យធ្វើការ ដើម្បីបោកប្រាស់ជនរងគ្រោះនៅជុំវិញពិភពលោក។  គួររំលឹកថាកាលពីខែតុលា សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស រួមទាំងសិង្ហបុរី សហការគ្នាដាក់ទណ្ឌកម្មបង្កទ្រព្យសម្បត្តិរបស់លោក Chen Zhi   មានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ នេះបើតាម CNA ។  លោក Chen Zhi   អាយុ៣៨ ឆ្នាំ ត្រូវបានតុលាការអាមេរិកចោទប្រកាន់ពីបទឃុបឃិតក្លែងបន្លំតាមប្រព័ន្ធអេឡិចត្រូនិក និងការលាងលុយកខ្វក់។

ប៉ូលីសហុងកុងបាននិយាយថា ការបង្កកទ្រព្យសម្បត្តិរបស់ លោក Chen Zhi   នេះ ជាប់ពាក់ព័ន្ធជាមួយនឹងមនុស្សក្រុមមួយត្រូវបានសង្ស័យថា មានការក្លែងបន្លំទូរគមនាគមន៍ឆ្លងដែនអន្តរជាតិ និងសកម្មភាពលាងលុយកខ្វក់ដោយផ្អែកលើចារកម្ម និងព័ត៌មានដែលប្រមូលបានពីប្រភពជាច្រើន។ ប៉ុន្តែប៉ូលីសហុងកុងមិនបានបញ្ជាក់អំពើ ទ្រព្យសម្បត្តិដែលត្រូវបានបង្កក រួមទាំងសាច់ប្រាក់ ភាគហ៊ុន និងមូលនិធិដែលកាន់កាប់ដោយបុគ្គល និងអង្គភាពសាជីវកម្មនោះទេ ដោយត្រូវបានគេជឿថាជាប្រាក់ចំណូលមានការជាប់ពាក់ព័ន្ធ ជាមួយក្រុមឧក្រិដ្ឋកម្ម។

ដោយបញ្ជាក់ថា ការិយាល័យស៊ើបការណ៍សម្ងាត់ កំពុងបន្តស៊ើបអង្កេតហិរញ្ញវត្ថុហុង កុង ប៉ុន្តែមិនទាន់មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។ យ៉ាងហោចណាស់ក្រុមហ៊ុនចំនួន18ក្នុងទីក្រុងហុងកុង ត្រូវបានសហរដ្ឋអាមេរិកដាក់ក្នុងបញ្ជីខ្មៅ បន្ទាប់ពីមានទំនាក់ទំទងនឹងក្រុមហ៊ុន Prince Group ក្នុងនោះរួមមានក្រុមហ៊ុនចុះបញ្ជីចំនួនពីរគឺ ក្រុមហ៊ុន Khoon Group និង ក្រុមហ៊ុន  Geotech Holdings។

ព្រះរាជអាជ្ញាតៃវ៉ាន់ កាលពីថ្ងៃអង្គារនេះនិយាយថាពួកគេបានឃុំខ្លួនមនុស្សចំនួន 25 នាក់ និងរឹបអូសទ្រព្យសម្បត្តិតំលៃ 4.5 ពាន់លានដុល្លារតៃវ៉ាន់ ( ស្មើ147.09 លានដុល្លារអាមេរិក) ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Prince Group  រួមទាំងរថយន្តទំនើបៗចំនួន 26 គ្រឿង ទ្រព្យសម្បត្តិ និងគណនីធនាគារ ដែលជាប់ទាក់ទងនឹងបណ្តាញរបស់ លោក Chen Zhi  ទាក់ទងនឹងការលាងលុយកខ្វក់ និងបទល្មើសបង្ខំឱ្យធ្វើការ។

ថ្មីៗនេះអាជ្ញាធរសិង្ហបុរី ក៏ទើបតែធ្វើការរឹបអូសទ្រព្យសម្បត្តិរបស់លោក Chen Zhi   ប្រធានក្រុមហ៊ុន Prince Group តម្លៃជាង ១៥០ លានដុល្លារសិង្ហបុរី រួមទាំងអចលនទ្រព្យចំនួន០៦ ក៏ដូចជាគណនីធនាគារ គណនីមូលបត្រសាច់ប្រាក់ រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង អ៊ូបរ និងស្រាថ្លៃៗជាច្រើនទៀតផងដែរ។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា នេះគឺជាសកម្មភាពដ៏ធំបំផុតរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ដោយកំណត់គោលដៅលើមនុស្សចំនួន ១៤៦ នាក់នៅក្នុងក្រុមហ៊ុន Prince Group។ ទណ្ឌកម្មរបស់ចក្រភពអង់គ្លេសបានកំណត់គោលដៅលើអង្គភាពចំនួន០៦ និងបុគ្គលចំនួន០៦នាក់ រួមទាំងលោក Chen  Zhi  ផងដែរ៕