2025-11-05 16:35
8

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យឃើញថា បណ្តាញផ្សព្វផ្សាយសង្គមមួយ បានបង្ហោះព័ត៌មានដែលមានខ្លឹមសារថា «ម្ចាស់សំណង់សាលាជ័យថាវី បានដាក់លិខិតស្នើសុំមកក្រសួង ដើម្បីស្នើសុំចាត់មន្ត្រីចុះពិនិត្យការរុះរើសំណង់របស់ខ្លួន ព្រោះនេះអាចជាការបម្រើឱ្យផលប្រយោជន៍បុគ្គលឯកជនណាមួយ»។ 

ជុំវិញករណី សំណើសុំកិច្ចអន្តរាគមន៍រុះរើសំណង់របស់ ម្ចាស់សាលាជ័យថាវី ដែលបានសាងសង់សំណង់អំពីដែកបិទផ្លូវសាធារណៈរបស់រដ្ឋ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៤៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រសួងរៀបចំដែនដី។

តាមរយៈលិខិតរបស់ក្រសួងរៀបចំដែនដី ជម្រាបជូនអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ក្រុមការងារបច្ចេកទេស របស់អគ្គនាយកដ្ឋានសំណង់ សហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធបានធ្វើការចុះពិនិត្យដល់ទីតាំងសាងសង់សំណង់អំពីដែក «សាលាជ័យថាវី» ដែលបានសាងសង់បិទផ្លូវសាធារណៈរបស់រដ្ឋ ហើយបានធ្វើឱ្យខូចសោភណ្ឌភាព បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កជាភាពអនាធិបតេយ្យយ៉ាងខ្លាំង ដោយសារមានការដាក់ម៉ូតូពាសពេញទាំងផ្លូវ មិនអាចធ្វើដំណើរឆ្លងកាត់បាន និងមានការរាំងស្ទះដល់ចរាចរណ៍របស់ប្រជាពលរដ្ឋ។ 

ដូច្នេះម្ចាស់សំណង់ត្រូវធ្វើការរុះរើសំណង់ដែកជាបន្ទាន់ព្រោះសាងសង់លើទ្រូងផ្លូវសាធារណៈ ដើម្បីចៀសវាងបង្កការរាំងស្ទះដល់ការចរាចរណ៍របស់ប្រជា ពលរដ្ឋពិសេសពេលមានអគ្គិភយ័កើតឡើងជាយថាហេតុ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា៖ «ការសម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី ធ្វើការរុះរើសំណង់របស់ខ្លួន ក្រសួងបានធ្វើការពិនិត្យ ចុះទៅកាន់ទីតាំងសំណង់ជាក់ស្តែង និងឃើញថា៖  សំណង់នេះ បានសាងសង់ពីដែកសម្រាប់ប្រើប្រាស់ជារោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី។ សំណង់នេះ បានសាងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ បង្កឱ្យមានភាពអាណាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់ ដោយការដាក់កង់ ម៉ូតូពាសពេញផ្លូវ។ សំណង់ដែលបិទផ្លូវបែបនេះ មិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាព សណ្តាប់ធ្នាប់ប៉ុណ្ណោះនោះទេ តែវាធ្វើឱ្យប៉ះពាល់ដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងសុវត្ថិភាព និងការសង្រ្គោះនានានៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ។

ក្រសួងបញ្ជាក់ថា ឈរលើស្មារតីការគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់គ្រប់បណ្តាញផ្សព្វផ្សាយសង្គម សូមធ្វើការផ្សព្វផ្សាយព័ត៌មានដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឱ្យមានការភ័ន្តច្រលំក្នុងសង្គម។ សូមអ្នកសារព័ត៌មាន ម្ចាស់សំណង់ និងបងប្អូនប្រជាពលរដ្ឋ យល់អំពីបញ្ហានេះ និងចូលរួមជាមួយសង្គមជាតិ ដើម្បីរៀបចំស្រុកយើងឱ្យបានស្អាត មានសោភ័ណភាព សុវត្ថិភាព សណ្តាប់ធ្នាប់ និងប្រកបដោយសេចក្តីថ្លៃថ្នូរ។

ពាក់ចំណាត់ការរបស់ក្រសួងនេះ សាលាជ័យថាវី បានបញ្ជាក់លើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា៖ «ផ្លូវ១៤៩ បើកដោយក្រុមហ៊ុនសង់ផ្ទះកាណាឌីយ៉ា ចូលមកទាល់ត្រឹមដីសាលារៀនជ័យថាវី។ អស់លោកអ្នកធំ អ្នកមុខអ្នកការជាច្រើនក៏ធ្លាប់រៀននៅសាលានេះតាំងពីមិនទាន់មានផ្លូវ ១៤៩ នេះ»។ សូមសួរបងប្អូនជួយគិតមើល សំណង់លើដីសាលាសម្រាប់តែសិស្សដាក់ម៉ូតូចេញ-ចូល ហើយច្រកផ្លូវ ១៤៩ ចូលមកទាល់ត្រឹមដីសាលា ស្រាប់តែមានចេញលិខិតមកថា “សាលាសង់លើផ្លូវទៅវិញ” តើរឿងនេះគេធ្វើដើម្បីប្រយោជន៍សាធារណៈ ឬប្រយោជន៍អ្នកណា?៕