2025-11-09 08:20
4

ឧត្តមានជ័យ៖ នៅល្ងាចថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា កងទ័ពកម្ពុជា និងថៃ បានបន្តការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ ចេញពីតំបន់ជម្លោះនៅព្រំដែន ក្នុងខេត្តឧត្តរមានជ័យ ត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ។ 

សកម្មភាពនេះ ជាជំហានទី ២ នៃដំណាក់កាលទី១ ដែលស្របតាមផែនការសកម្មភាពដែលបានចុះហត្ថលេខាដោយមេបញ្ជាការយោធភូមិភាគទី៤ នៃកម្ពុជា ឧត្តមសេនីយ៍ឯក ពៅ ហេង និងមេបញ្ជាការកងទ័ពភូមិភាគទី២ នៃថៃ ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង កាលពីថ្ងៃទី៣១ ខែតុលា។

ការកែសម្រួលនេះបានអនុវត្តដោយភាគីទាំងពីរ ដោយមានការសង្កេត និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចាប់ពីចំណុចចាប់ផ្ដើមរហូតដល់មូលដ្ឋានដើម។ កាលពីថ្ងៃទី០១ ខែវិច្ឆិកា កងទ័ពទាំងពីរបានអនុវត្តជោគជ័យជំហានទី១ នៃដំណាក់កាលទី១ ក្នុងការដកយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ចេញពីតំបន់ជម្លោះ។

កម្ពុជា បានបញ្ជាក់ថា នឹងបន្តសហការជិតស្និទ្ធជាមួយថៃ ដើម្បីធានាថា ផែនការសកម្មភាពនឹងអនុវត្តបានពេញលេញ ត្រឹមត្រូវ និងប្រកបដោយតម្លាភាព។ 

សកម្មភាពនេះជាការបង្ហាញពីកាយវិការសុច្ឆន្ទៈ និងការតាំងចិត្តរឹងមាំរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ ដោយមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។

កម្ពុជា សង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តសេចក្តីថ្លែងការណ៍រួមនោះដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការវិលត្រឡប់ទៅប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័ស៕