2025-11-09 08:35
2

សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃសៅរ៍នេះ ដេញដោលយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលបាល់លីស្ទិក ដែលគេសង្ស័យថាបានបាញ់ដោយកូរ៉េខាងជើង។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានអំពាវនាវឲ្យភាគីកូរ៉េខាងជើងបញ្ឈប់ភ្លាមៗនូវសកម្មភាពដែលបង្កការតានតឹងនៅឧបទ្វីបកូរ៉េ។ នេះបើយោងតាមទីភ្នាក់ងារ Reuters បានរាយការណ៍នៅថ្ងៃសៅរ៍នេះ។

ក្នុងសេចក្តីជូនដំណឹងមួយទៅកាន់សារព័ត៌មានថា «យោធារបស់កូរ៉េខាងត្បូងថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលផ្លោងនាពេលថ្មីៗនេះដោយកូរ៉េខាងជើង ហើយសម្តែងការសោកស្តាយយ៉ាងខ្លាំង សម្រាប់សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងដែលបរិហារកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ដែលធ្វើសមយុទ្ធប្រចាំឆ្នាំ»។

ការបាញ់មីស៊ីលនេះបានកើតឡើងនៅថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានអំពាវនាវថានឹងមាន “វិធានការសមស្រប” ប្រឆាំងនឹងការដាក់ទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិក។ មីស៊ីលដែលគេសង្ស័យថាជា ប្រភេទ short-range ballistic missile ត្រូវបានបាញ់ទៅសមុទ្រខាងកើត។

ក្នុងសេចក្តីថ្លែងការណ៍ផ្សេងទៀត កងទ័ពសហរដ្ឋអាមេរិកនៅកូរ៉េ (USFK) បានបញ្ជាក់ថា ពួកគេដឹងពីការបាញ់មីស៊ីលនេះ និងការបន្តព្យាយាមរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍសមត្ថភាពមីស៊ីលរយៈចំងាយឆ្ងាយ។ 

USFK បានបញ្ជាក់ថា “យើងកំពុងពិភាក្សាជិតស្និទ្ធជាមួយសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងរបស់យើង គឺរក្សាការត្រៀមខ្លួនដើម្បីការពារសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់”។

រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង លោក No Kwang - Chol បានដេញដោលក្នុងកិច្ចពិភាក្សាសន្តិសុខប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកថាជាការបង្ហាញពី “ចេតនា” នៃអរិភាពរបស់សម្ព័ន្ធមិត្តប្រឆាំងនឹងខ្លួនដោយប្តេជ្ញាថានឹងចាត់វិធានការឆ្លើយតបបន្ថែមទៀតប្រឆាំងនឹងការគំរាមកំហែងរបស់សត្រូវ។

ការកត់សម្គាល់របស់ លោក No Kwang - Chol បានធ្វើឡើងថា ខណៈដែលប្រមុខការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំប្រឹក្សាសន្តិសុខនៅទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗនៃសម្ព័ន្ធភាព និងការការពារជាតិ៕