2025-11-09 08:49
2

ភ្នំពេញ៖ ព្រះករុណាព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជដំណាក់ ចំនួន ០២ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីរៀបចំចាត់ចែងធ្វើជាសារមន្ទីរជាតិ និងទុកជាសម្បត្តិបេតិកភណ្ឌជាតិ។

ព្រះរាជដំណាក់ដែលព្រះករុណាព្រះមហាក្សត្រ ប្រោសប្រទានជូនរាជរដ្ឋាភិបាលទាំងពីរ រួមមាន៖ 

ទី១- ព្រះរាជដំណាក់ទក្សិណ លេខក្បាលដី ២៤៥ ទំហំ ២ ៨៤៣ ម៉ែត្រក្រឡា ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០២០៧០៣-០២៤៥ ១២០២០៧០ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជូនទៅរាជរដ្ឋាភិបាលកម្ពុជា ដែលមានសិទ្ធិក្នុងការជួសជុលកែលម្អ ថែរក្សា ដើម្បីរៀបចំចាត់ចែងធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ ជាកេរដំណែលដ៏ឧត្តុង្គឧត្តមពី ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតា ជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជដំណាក់ទក្សិណនេះ ជាទីកន្លែងដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រសូត។ 

ទី២- ក្រោយពេលដែលអស់ពីព្រះអង្គទៅព្រះរាជដំណាក់ពុល លេខក្បាលដី ១៥១ ទំហំ ៣ ៥៣៩ ម៉ែត្រក្រឡា ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០២០៧០៣-០១៥១ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សូមជូនរាជរដ្ឋាភិបាលកម្ពុជា ថែរក្សាធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ ជាកេរដំណែលដ៏ឧត្តុង្គឧត្តមអំពីព្រះអង្គ។

ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គសូមប្រសិទ្ធពរជ័យ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទា ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមទទួលបាន មហាជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕