2025-11-11 18:57
13

ថៃ៖   នាយករដ្ឋមន្ត្រីថៃលោក Anutin ប្រកាសផ្អាកមិនបន្តលិខិតអនុញ្ញាតការងារ និងស្នាក់នៅដែលផុតកំណត់សម្រាប់ពលករ ជាពិសេសសម្រាប់ពលករកម្ពុជា ដែលផុតកំណត់ទិដ្ឋាការ ថៃមិនអនុញ្ញាតឲ្យស្នាក់នៅនិងធ្វើការនៅប្រទេសថៃបន្តទៀតនោះទេ  ពេលនេះកំពុងរង់ចាំការផ្ទៀងផ្ទាត់ ក្រោមហេតុផលដើម្បីសុវត្ថិភាពជាតិ និងការអនុលោមតាមច្បាប់របស់ប្រទេសថៃ នេះបើតាម The Nation ។ 

លោកស្រី Traisulee អគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រីថៃ បាននិយាយថាលោក Anutin សម្រេចផ្អាកការចុះហត្ថលេខាលើសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ លើលិខិតអនុញ្ញាតការងាររបស់ពលករខ្មែរ ដែលបានផុតកំណត់ ក្នុងការបន្តស្នាក់នៅនិងធ្វើការក្នុងប្រទេសថៃជាបណ្តោះអាសន្ន។ 

សូមរំលឹកថា ក្នុងអំឡុងពេលដែលដឹកនាំគ្រប់គ្រងដោយ លោក Phumtham Wechayachai កាន់តួនាទីជានាយករដ្ឋមន្ត្រីស្តីទីថៃ  កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោកបានផ្តល់ការអនុញ្ញាតពិសេសសម្រាប់ពលករកម្ពុជាស្នាក់នៅនិងធ្វើការក្នុងប្រទេសថៃរយៈពេលមួយឆ្នាំបន្ថែម ។ ប៉ុន្តែពេលនេះអ្វីៗត្រូវបានប្រែប្រួលនិងផ្លាស់ប្តូរ បន្ទាប់ពីស្ថានភាពនៅព្រំដែនហាក់បីមានភាពតានតឹង ក្រោយទាហានថៃដើរល្បាតជាន់មីនផ្ទុះបណ្ដាលឲ្យរងរបួសនៅខេត្តSi Sa Ket ជិតប្រសាទព្រះវិហារ កាលពីថ្ងៃទី១០ វិច្ឆិការម្សិលមិញនេះ ស្រាប់តែលោក Anutin បានបញ្ជាឱ្យផ្អាកការបន្តទិដ្ឋាការដល់ពលករខ្មែរ ដើម្បីធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងធានានូវអនុលោមភាពតាមច្បាប់យ៉ាងតឹងរឹង ។

កាសែតថៃដ៏ដែលបន្តថា៖ អាជ្ញាធថៃរបានរកឃើញថា ពលករខ្មែរជិត ១០ម៉ឺននាក់ ដែលប័ណ្ណការងារផុតកំណត់នៅខែកុម្ភៈ ឆ្នាំ២០២៥ ដោយមិនអាចកំណត់អត្តសញ្ញាណ ឬទីតាំងឲ្យបានត្រឹមត្រូវនោះទេ។ ហើយការពន្យារពេលដោយស្វ័យប្រវត្តិដោយគ្មានការផ្ទៀងផ្ទាត់អាចបង្កហានិភ័យដល់សន្តិសុខជាតិរបស់ថៃ និងបង្កើនលួចឆ្លងដែនដោយខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែន។

នាយករដ្ឋមន្ត្រីថៃសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃបានប្តេជ្ញាចិត្តក្នុងការគ្រប់គ្រងការងារបរទេស ប្រកបដោយតម្លាភាព និងស្របច្បាប់ ដោយធានាថាគ្មានចន្លោះប្រហោងណាមួយគំរាមកំហែងដល់សន្តិសុខ ឬស្ថិរភាពសេដ្ឋកិច្ចថៃឡើយ៕