បាងកក៖ យោងតាមសេចក្តីរាយការណ៍របស់ កាសែតថៃ នៅព្រឹកថ្ងៃពុធ ទី១២ វិច្ឆិកា ឆ្នាំ២០២៥នេះ គណបក្សប្រជាជន - People's Party ដែលជាគណបក្សប្រឆាំងដ៏សំខាន់នៅប្រទេសថៃ បានចេញសេចក្ដីប្រកាសបន្ទាន់មួយ ដើម្បីណែនាំឲ្យនាយករដ្ឋមន្ត្រី Anutin Charnvirakul ចាត់វិធានការទូតប្រកបដោយសកម្ម ដើម្បីទប់ស្កាត់អំពើបំផ្លិចបំផ្លាញសន្តិភាពនៅតាមតំបន់ព្រំដែនជាមួយប្រទេសកម្ពុជា។
សេចក្ដីប្រកាសបានបញ្ជាក់ថា ក្រោយពេលមានហេតុការណ៍គ្រាប់មីន នៅថ្ងៃទី១០ ខែវិច្ឆិកា ដែលបង្កឲ្យទាហានថៃ ចំនួន ០២ នាក់ រងរបួស នៅតំបន់ Huai Ta Maria ខេត្ត Sisaket ក្នុងនោះម្នាក់បាត់បង់ជើងខាងស្តាំ នាយករដ្ឋមន្ត្រី Anutin បានប្រកាស “ផ្អាកកិច្ចព្រមព្រៀមសន្តិភាពថៃ-កម្ពុជា” ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៦ តុលា ដោយមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ាន និងប្រធានាធិបតីអាមេរិក លោក Donald Trump ជាភាគីហត្ថលេខីលើឯកសាររួមនោះ។
គណបក្សប្រឆាំងថៃ បានប្រាប់ទៅ លោក Anutin ត្រូវទាក់ទងភ្លាមៗទៅកាន់ ប្រធានាធិបតី Trump និង លោក Anwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីបញ្ជាក់ថា “ថៃមានបំណងរក្សាកិច្ចព្រមព្រៀងសន្តិភាព” និងគោរពតាមកាតព្វកិច្ចជានិច្ច។ បក្សប្រឆាំងថៃ បញ្ជាក់ថា ការអនុវត្តវិធានការទូតបន្ទាន់នេះ គឺឱ្យបានមុនពេលនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ទាក់ទងទៅកាន់ប្រធានាធិបតី ត្រាំ និង លោក Anwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីបកស្រាយអំពីស្ថានការណ៍នៅព្រំដែន។
សូមជម្រាបថា ព្រឹត្តិការណ៍ផ្ទុះមីន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យទាហានថៃពីរនាក់ រងរបួស នៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភ្នំទ្រព្យ ស្ថិតជិតប្រាសាទព្រះវិហារ របស់កម្ពុជា ត្រូវបានភាគីថៃ ចោទប្រកាន់មកលើកម្ពុជាដោយគ្មានមូលដ្ឋាន និងការស៊ើបអង្កេតជាក់លាក់ ហើយថៃបានយកលេសនេះ ជា “មូលហេតុនៃការផ្អាកអនុវត្តសេចក្តីថ្លែងការណ៍រួម” ព្រមទាំងការលុបចោលគម្រោងដោះលែងយោធិនខ្មែរ ១៨រូប ពីការឃុំឃាំងនៅប្រទេសថៃ ដែលភាគីថៃបានប្រកាសថានឹងអនុវត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថា “កម្ពុជាបានដាក់មិនថ្មី” នៅតាមព្រំដែនជាមួយប្រទេសថៃ។ វាជាការសំខាន់ដែលត្រូវកត់សម្គាល់ពីការដឹងឮយ៉ាងសុះសាយនូវការពិតថា “ចម្ការមីន” ភាគច្រើនតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលបន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជារយៈជិត ៣០ឆ្នាំ ក្នុងទសវត្សរ៍ ១៩៧០ និង១៩៨០ មិនទាន់ត្រូវបានបោសសម្អាតនៅឡើយទេ ដោយសារតែភូមិសាស្ត្រលំបាក និងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែន។
រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា «កម្ពុជានៅតែប្តេជ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ជាមួយនិងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។ ក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយ»៕







_1762923414.jpg)




