ថៃ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កងយោធាអាកាសថៃ បានបង្ហាញពីភាពត្រៀមខ្លួន ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធ្វើសង្គ្រាម ខណៈស្ថានការព្រំដែនកម្ពុជា-ថៃ កំពុងកើតកំដៅ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងបាងកក ប្រកាសជាសាធារណៈថា “សម្រេចផ្អាកកិច្ចព្រមព្រៀងសន្តិភាព” ដែលចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ក្រោមការសក្ខីភាពមហាអំណាចសហរដ្ឋអាមេរិក មានប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ាន។
មេបញ្ជាការបញ្ជាការដ្ឋានគ្រប់គ្រងប្រតិបត្តិការដែនអាកាសថៃ លោក Rawin Thanomsingh នារសៀលថ្ងៃទី១២ វិច្ឆិកា ២០២៥នេះ បានចុះត្រួតពិនិត្យកម្លាំងត្រៀមប្រតិបត្តិការយោធាដែនអាកាស (ACC) នៅស្ថានីយយោធាអាកាសទី១ ខេត្តនគររាជសីមា ដើម្បីត្រួតពិនិត្យប្រតិបត្តិការហោះហើរជាមួយយន្តហោះចម្បាំង F-16។
ក្នុងឱកាសនោះ លោកបានចូលរួមហោះហើរជាមួយយន្តហោះ F-16 ដើម្បីបង្ហាញពីការត្រៀមខ្លួនសម្រាប់បេសកកម្មគ្រប់ស្ថានភាព។ ការប្រតិបត្តិការនេះ ស្របតាមបំណងរបស់មេបញ្ជាការជាន់ខ្ពស់ នៃកងយោធាអាកាសថៃ ដែលមានគោលបំណងធានាសុវត្ថិភាពជាតិ និងការពារអធិបតេយ្យភាពប្រទេស។
លោក Rawin ជាអតីតអ្នកបើកបរ F-16 ដែលមានបទពិសោធន៍ជាច្រើនក្នុងការប្រតិបត្តិការយោធាអាកាស។ ការចូលរួមផ្ទាល់ក្នុងបេសកកម្មនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កងយោធាអាកាសក្នុងការរួមចំណែកប្រយុទ្ធក្នុងសមរភូមិសង្គ្រាម៕









