2025-11-12 18:28
17

បន្ទាយមានជ័យ៖ កម្លាំងទាហានថៃ បានប្រើកាំភ្លើង ប្រភេទ RPD បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរម្នាក់ស្លាប់ និងរងរបួស៣នាក់។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រលប់ថ្ងៃទី១២ ខែវិច្ឆិកានេះ។

អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១៥និង៥០នាទី កម្លាំងទាហានថៃ បានប្រើកាំភ្លើង RPD បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាល ឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ ចំនួន ០១ នាក់ និងរងរបួស ចំនួន ០៣ នាក់។

អ្នកនាំពាក្យ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃ បានរំលោភបំពានលើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបាន ចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង លោក អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។

អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ដោយរក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនគោកត្រូវបានបញ្ចប់។ ក្នុងន័យនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់គណៈកម្មការ ចម្រុះព្រំដែន (JBC)។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅវេលាម៉ោងប្រមាណ ១៥និង៥០នាទី ថ្ងៃពុធ ទី១២ ខែវិច្ឆិកានេះ យោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កការរបួសជនស៊ីវិល ចំនួន ០៥ រូប។ ការបើកការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ បានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។

ជុំវិញការបាញ់ប្រហារយ៉ាងឃោរឃៅលើជនស៊ីវិលស្លូតត្រង់កម្ពុជា បណ្តាលឱ្យស្លាប់ និងរបួសខាងលើ កម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ 

ក្នុងនោះ កម្ពុជា អំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជា អំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។ 

កម្ពុជា ប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕