2025-11-14 17:10
21

(កំពង់ធំ)៖  នារីវ័យក្មេងដែលជាបុគ្គលិកមីក្រូហរិញ្ញវត្ថម្នាក់ ត្រូវបានឃាតកសង្ស័យជាអ្នកជំពាក់លុយវាយសម្លាប់ រួចយកសពទៅកប់ចោលក្រោយផ្ទះ ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ឹម ទីណា អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកមីក្រូហរិញ្ញវត្ថុ រស់នៅឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ។ 

ខណៈដែលក្រុមគ្រួសារឪពុកម្ដាយបានបាត់ដំណឹងទាក់ទងតាមទូរស័ព្ទមិនចូល បាត់ដំណឹងសូន្យឈឹងភ្លាមៗនោះក្រុមគ្រួសារបានដើរស្វែងរកតាមភូមិ  និងបានដាក់បណ្ដឹងប្ដឹងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លើងដើម្បីឲ្យជួយរក។  លុះដល់ម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឪពុកជននារីរងគ្រោះ បានដើររកមើលនៅផ្ទះឪពុកម្តាយជនរបស់សង្ស័យ ឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ស្រាប់តែប្រទះឃើញមានស្នាមកាប់ដី ដែលទើបនិងកប់ថ្មីៗ ដោយមានដាក់ស័ង្កសី ដុំថ្ម និងធង់ទឹកសង្កត់ពីលើ ក៏មានការមន្ទិលសង្ស័យ ភ្លាមៗនោះឪពុករបស់ជនរងគ្រោះបានទៅប្ដឹងសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យមើលតែម្ដង។ ក្រោយពីទទួលព័ត៌មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងនគរបាលជំនាញមកដល់កន្លែងកើតហេតុ និងធ្វើការជីកកកាយមើលស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះ ត្រូវបានឃាត់ករសម្លាប់រួចយកទៅកប់។ យោងតាមសម្តីរបស់បងប្រុសនារីរងគ្រោះ បានបញ្ជាក់ឲ្យដឹងថាឃោតកបនេះសាហាវឃោឃៅណាស់ ព្រោះសាកសពប្អូនស្រីរបស់ខ្លួនដែលត្រូវឃាតករ សម្លាប់នោះ  ក្នុងសភាពចង់ដៃជើងដោយព្រៃផ្សៃជាទីបំផុត ។ 
បច្ចុប្បន្នកំលាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ឃាតករមកផ្ដន្ទាទោស៕