ភ្នំពេញ៖ សួងមហាផ្ទៃកម្ពុជា បានប្រកាសនៅថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា នេះថា សមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេតពេញលេញលើករណី ដែលកម្លាំងយោធាថៃ បានបើកការបាញ់ប្រហារលើប្រជាជនស្លូតត្រង់ខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កាលពីថ្ងៃទី១២ ខែវិច្ឆិកា បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ ចំនួន ០៣ នាក់។
ក្រោយបញ្ចប់ការស៊ើបអង្កេតកម្ពុជា ពិចារណាដាក់ពាក្យបណ្ដឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារឱ្យមានការទទួលខុសត្រូវ និងការផ្តល់យុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា ដែលបានទទួលរងគ្រោះពីឧក្រិដ្ឋកម្ម បង្កឡើងដោយទាហានថៃទៅលើពលរដ្ឋកម្ពុជា។
ការស៊ើបអង្កេតរួមមានការប្រមូលភស្តុតាង ការសន្ទនាជាមួយសាក្សី និងការត្រួតពិនិត្យលើទីតាំងព្រឹត្តិការណ៍ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងអ្នកជំនាញបរទេសផងដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ជូនថា «បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវ ការស៊ើបអង្កេត ការប្រមូលព័ត៌មាន និងការប្រមូលភស្តុតាងគ្រប់ជ្រុងជ្រោយជាស្ថាពរ ដើម្បីកសាងសំណុំរឿងដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិកម្ពុជា នឹងពិចារណាប្តឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារឱ្យមានការទទួលខុសត្រូវ និងការផ្តល់យុត្តិធម៌ជូនដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា ដែលបានទទួលរងគ្រោះពីឧក្រិដ្ឋកម្មនេះ»។
ក្រសួងមហាផ្ទៃ មិនបានបញ្ជាក់ពីពេលវេលាដែលការស៊ើបអង្កេតនឹងបញ្ចប់នៅពេលណានោះទេ៕
_1763208587.jpg)



