2025-11-20 17:12
21

ថៃ៖ ថ្ងៃទី២០ ខែវិច្ឆិកានេះ អគ្គមេបញ្ជាការកងទ័ពជើងទឹកថៃ លោកឧត្តមសេនីយ៍ Pairote Fuangchan បានលើកឡើងថា កងទ័ពជើងទឹកបានកំណត់ឆ្នាំនេះជា «ឆ្នាំសម្រាប់ការប្រយុទ្ធ» ដោយបន្តអភិវឌ្ឍ ៤ ធាតុស្នូល គឺកម្លាំងកងទ័ព, យុទ្ធោបករណ៍, យុទ្ធសាស្ត្រសង្គ្រាម និងការគ្រប់គ្រងកងទ័ព។ លោកបានថ្លែងបែបនេះ បន្ទាប់ពីពិធីបុណ្យគោរពខួប ១១៩ឆ្នាំ នៃកងទ័ពជើងទឹកថៃ។ 

តាមរបាយចុះផ្សាយដោយកាសែត Thai News Agency បានរាយការណ៍ថា លោក Pairote Fuangchan បានបញ្ជាក់ថា កងទ័ពត្រូវតែធ្វើឱ្យទាន់សម័យនឹងបច្ចេកវិទ្យាថ្មីៗ ដោយផ្ដោតលើដ្រូន យន្តហោះគ្មានមនុស្សបើក ហើយកំពុងសិក្សាការកែប្រែ នាវាចម្បាំង Chakri Naruebet ឱ្យក្លាយជាមូលដ្ឋានកងទ័ពនៅលើផ្ទៃទឹក។ 

លោកបានសង្កត់ធ្ងន់ថា “ទោះបីដ្រូន និងយន្តហោះចម្បាំង មានសារៈសំខាន់ ក៏ដោយ ប៉ុន្តែ នាវាចម្បាំង និងនាវាមុជទឹក នៅតែជាអំណាចយុទ្ធសាស្ត្រដ៏សំខាន់។ នាវាអាចបម្រើជាមូលដ្ឋានត្រួតពិនិត្យ និងអាចផ្លាស់ទីចូលតំបន់គោលដៅយ៉ាងរហ័ស។ កងទ័ពជើងទឹក ក៏នឹងពង្រឹងសមត្ថភាពអាកាសយានយន្តគ្មានមនុស្សបើកទាំងលើនាវា និងលើដីផងដែរ។

ភាគីក៏បានបញ្ជាក់ពី គំនិតប្រើនាវាចម្បាំង Chakri Naruebet ជាមូលដ្ឋានដ្រូនលើទឹក ដែលនឹងមានដ្រូនយកអាវុធជាច្រើនប្រភេទចូលរួមប្រតិបត្តិការផងដែរ។
ចំពោះស្ថានភាពត្រៀមខ្លួននៅតំបន់ចន្ទបុរី-ត្រាត ដើម្បីទប់ទល់បញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា អគ្គមេបញ្ជាការកងទ័ពជើងទឹកថៃ បានបញ្ជាក់ថា “កងទ័ពបានរក្សាកម្លាំងពេញតំបន់។ ដ្រូន យន្តហោះគ្មានមនុស្ស ត្រូវបានដាក់បញ្ចូលក្នុងតំបន់រួចហើយ។ ក្នុងផ្នែកអាវុធធុនធ្ងន់ កងទ័ព បានពង្រឹងកងកាំភ្លើងធំ ១៥៥ ម.ម. និង ១០៥ ម.ម. មួយកងក្នុងមួយខេត្ត ដើម្បីការពារអធិបតេយ្យភាពថៃ មិនមែនជាចេតនាបង្កវិវាទនោះទេ”៕