ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង ២០និង៥០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមផ្លូវលំ ក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យមានការខូចខាតធ្ងន់ធ្ងរ និងបាត់បង់ជីវិតមនុស្ស១នាក់។
តាមរបាយការសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីបងប្អូនបង្កើតឈ្លោះប្រកែកគ្នារួចបានដុតផ្ទះ ដែលធ្វើឱ្យភ្លើងឆាបឆេះរហ័ស ហើយរាលដាលទៅលើផ្ទះជិតខាង ចំនួន ១០ ខ្នងទៀត និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃទាំងស្រុង។
តាមសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីនេះ មានមនុស្សស្លាប់ ០១នាក់ (ស្រី) និងរងរបួស ០១នាក់ (ប្រុស)។ ក្រោយកើតហេតុកម្លាំងអន្តរាគមន៍អគ្គិភ័យបានឆ្លើយតបភ្លាមៗ ដើម្បីជួយបាញ់ទឹកពន្លត់ លុះនៅវេលា ២៣និង៣០នាទី អគ្គិភ័យត្រូវបានគ្រប់គ្រង និងពន្លត់បានទាំងស្រុង។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ក្រុមការងារបានប្រើប្រាស់ រថយន្តអគ្គិភ័យស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ០៨ គ្រឿង ប្រើប្រាស់ទឹកសរុប ១៨ ឡាន (ប្រហែល ១០៦ ម៉ែត្រគូប) រួមទាំងការជួយសម្រួលពីរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរ ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ ឡាន (១២ ម៉ែត្រគូប)។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតបន្ថែមអំពីមូលហេតុ និងតម្លៃខូចខាតពិតប្រាកដ ដែលបង្កឡើងដោយអគ្គិភ័យដ៏ធ្ងន់ធ្ងរនេះ៕





