2025-12-02 08:02
5

ហ្ស៊េរុយសាឡិម៖ កម្ពុជា និងអ៊ីស្រាអែល បានបើកទំព័រថ្មីនៃទំនាក់ទំនងផ្លូវការនៅវិស័យការងារ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យការងារ» នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Gideon Sa'ar រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល។

កិច្ចព្រមព្រៀងថ្មីនេះ នឹងបង្កើតយន្តការសម្រាប់ការផ្លាស់ប្តូរកម្លាំងពលកម្មរវាងប្រទេសទាំងពីរ ដោយផ្តល់ឱកាសថ្មីៗច្រើនសម្រាប់ពលរដ្ឋកម្ពុជា ក្នុងការធ្វើការងារនៅវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតនៅអ៊ីស្រាអែល ក្នុងអំឡុងពេលឆាប់ៗខាងមុខ។

អ៊ីស្រាអែល ត្រូវបានគេស្គាល់ថា មានបច្ចេកវិទ្យាកសិកម្មឈានមុខគេ និងកំពុងប្រឈមនឹងតម្រូវការកម្លាំងពលកម្មខ្ពស់ ជាពិសេសក្នុងវិស័យសំណង់។ ជាមួយនឹងប្រាក់ឈ្នួលខ្ពស់ និងលក្ខខណ្ឌការងារដែលទាក់ទាញ អ៊ីស្រាអែលក្លាយជាគោលដៅពេញនិយមសម្រាប់ពលករជាច្រើនពីតំបន់នានាលើពិភពលោក។

កិច្ចព្រមព្រៀងនេះ ក៏ត្រូវបានចាត់ទុកថា ជាជំហានសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើនឱកាសការងារក្រៅប្រទេសសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលនឹងរួមចំណែកលើការធ្វើចំណូលចូលប្រទេស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕