ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសឱ្យដំណើរការកម្មវិធីសាកល្បង “លើកលែងទិដ្ឋាការ” សម្រាប់ពលរដ្ឋចិនធ្វើដំណើរពីប្រទេសចិនមកកាន់កម្ពុជា ក្នុងរយៈពេល ៤ ខែ ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦ ដោយផ្ដល់សិទ្ធិស្នាក់នៅរយៈពេល ១៤ ថ្ងៃ មិនតម្រូវឱ្យដាក់ពាក្យទិដ្ឋាការ និងមិនគិតកម្រៃណាមួយឡើយ។
កម្មវិធីនេះ ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាល បន្ទាប់ពីសំណើររបស់ ក្រសួងទេសចរណ៍ ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកទេសចរណ៍ និងទទួលបានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងផ្អែកលើគោលការណ៍ឯកភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
តាមរយៈគោលនយោបាយនេះ ភ្ញៀវទេសចរចិនអាចចូលកម្ពុជាបានច្រើនដងក្នុងអំឡុងពេលសុពលភាព ដោយគ្រាន់តែបំពេញ E-arrival card នៅពេលមកដល់។ ក្រសួងទេសចរណ៍រំពឹងថា “ការលើកលែងទិដ្ឋាការនេះ នឹងជួយទម្លាក់ឧបសគ្គក្នុងការធ្វើដំណើរ និងលើកកម្ពស់ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា ក្រោមគោលបំណងធ្វើឱ្យវិស័យទេសចរណ៍មានសភាពរសើបឡើងវិញ”។
ក្រសួងបានអំពាវនាវឱ្យសាធារណជន សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ឯកជន អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមផ្សព្វផ្សាយព័ត៌មាននេះតាមគ្រប់មធ្យោបាយ ដើម្បីជំរុញឱ្យមានការអញ្ជើញមកទស្សនាកម្ពុជាច្រើនបន្ថែមទៀត ព្រមទាំងអនុវត្តយ៉ាងត្រឹមត្រូវប្រកបដោយទំនួលខុសត្រូវខ្ពស់។ក្រសួងទេសចរណ៍ បានឲ្យដឹងថា កម្មវិធីសាកល្បងនេះជាផ្នែកមួយនៃការខិតខំប្រឹងប្រែងលើកកម្ពស់ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាពិសេសពីទីផ្សារចិន ដែលតែងតែមានទំនាក់ទំនងល្អ និងរួមចំណែកសំខាន់ចំពោះវិស័យទេសចរណ៍កម្ពុជា៕






