2025-12-08 09:05
24

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានអំពាវនាវ និងចេញការណែនាំជាថ្មីដល់អ្នកសារព័ត៌មាន សាសន៍ទស្សន៍ និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យជៀសវាងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានសម្ងាត់ទាក់ទងនឹងសកម្មភាពយោធា ដោយរួមទាំងទីតាំងឈរជើង ការចល័តកងទ័ព លេណដ្ឋានយោធា ការប្រើប្រាស់ឧបករណ៍យោធា និងគ្រឿងសព្វាវុធផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។

លោករដ្ឋមន្ត្រីបានលើកឡើងថា “ការចែករំលែកព័ត៌មានប្រភេទនេះ គឺជាកត្តាដែលអាចប៉ះពាល់ដល់សុវត្ថិភាពនៃកងទ័ពកម្ពុជា និងអាចបង្កហានិភ័យដល់បេសកកម្មការពារជាតិ។ ព័ត៌មានសុវត្ថិភាពយោធាត្រូវការការគោរព និងការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ ជាពិសេសក្នុងស្ថានភាពព្រំដែនមានភាពតានតឹង”។

ការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ស្ថានការណ៍នៅតាមព្រំដែន កម្ពុជា-ថៃ មានភាពតានតឹងឡើងវិញ ដោយកងកម្លាំងយោធាថៃ បានបើកការវាយប្រហារមកលើកងកម្លាំងរបស់កម្ពុជា ជាបន្តបន្ទាប់ចាប់តាំងពីរសៀលថ្ងៃទី៧ រហូតដល់ព្រឹកព្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៨នេះ ប៉ុន្តែកងកម្លាំងកម្ពុជា បានរក្សាភាពអត់ធ្មត់ខ្ពស់បំផុត មិនបានបាញ់តបតវិញឡើយ។

ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងយោធាថៃ បានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា ជាបន្តបន្ទាប់ចាប់ពីរសៀលថ្ងៃទី៧ ដល់ព្រឹកថ្ងៃទី៨ ខែធ្នូ នៅតាមតំបន់ព្រលានថ្ម តំបន់អានសេះ ប្រាសាទតាមាន់ធំ តំបន់ប្រាសាទព្រះវិហារ ៥មករា និងនៅចំការចេក ខេត្តព្រះវិហារ។ ទោះបីមានការបាញ់ប្រហារជាបន្តបន្ទាប់ក៏ដោយ កងកម្លាំងកម្ពុជា បានបន្តរក្សាភាពអត់ធ្មត់ខ្ពស់ និងមិនបានបាញ់តបតវិញ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានឱ្យតាមដានព័ត៌មានពីប្រភពផ្លូវការ ជាពិសេសពីអ្នកនាំពាក្យក្រសួងការពារជាតិ ដែលនឹងផ្តល់ព័ត៌មានជាប្រចាំ និងមានការផ្ទៀងផ្ទាត់ត្រឹមត្រូវអំពីការវិវត្តន៍នៃស្ថានការណ៍ព្រំដែន៕