ភ្នំពេញ៖ អង្គការ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់ ខណៈដែលថៃបានផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មី ។
អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នេះបើតាមការចេញផ្សាយរបស់អង្គការ UNESCO នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះ UNESCO បានរំលឹកភាគីទាំងអស់អំពីកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ សម្រាប់ការការពារទ្រព្យសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់ពិភពលោក។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ទៀតថា UNESCO នឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ ក្នុងគោលបំណងធានាការការពាររបស់សម្បត្តិបេតិកភណ្ឌទាំងនេះ ហើយនឹងធ្វើការទំនាក់ទំនងទៅគ្រប់ភាគីពាក់ព័ន្ធអំពីភូមិសាស្ត្រនៃទីតាំងក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជាសារៈសំខាន់របស់សម្បត្តិបេតិកភណ្ឌ ដើម្បីចៀសវាងការខូចខាតដែលអាចកើតមាន។
បន្ថែមពីលើនេះ អង្គការ UNESCO បានបញ្ជាក់ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយបច្ចេកទេសចាំបាច់ដើម្បីធានាការការពារសម្បត្តិវប្បធម៌ និងអនុវត្តវិធានការការពារចាំបាច់ណាមួយឱ្យបានឆាប់នៅពេលមានលក្ខខណ្ឌសមស្រប។
ប្រាសាទព្រះវិហារ បានរងការខូចខាតម្តងហើយកាលពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយនៅពេលដែលថៃបានបើកការឈ្លានពានជាថ្មីចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥មក ប្រាសាទព្រះវិហារត្រូវបានទាហានថៃបាញ់ផ្លោងដាក់ជាថ្មី និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ថែមទៀត។
ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់ អង្គការ UNESCO កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។ ប្រាសាទព្រះវិហារ ស្ថិតនៅលើជួរភ្នំដងរែក ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រមាណជាង ៤០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ បន្ទាប់ពីអត់ធ្មត់អស់រយៈពេលជាង២៤ម៉ោង។
ក្រសួងការពារជាតិបានឲ្យដឹងថា ៖ ថៃបាញ់ប្រហារជនស៊ីវិលកម្ពុជា ០៩ នាក់ស្លាប់ក្នុងនោះមានទារកម្នាក់ និងរបួសជាច្រើននាក់ ហើយសាលារៀនជាប់ព្រំដែនកម្ពុជាថៃត្រូវបិទ ពលរដ្ឋរាប់ម៉ឺននាក់ត្រូវជម្លៀសទៅតំបន់សុវិត្តភាព ៕




