2025-12-16 08:18
15

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ដោយបានបញ្ជាក់ថា៖ «ចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត យកចិត្តទុកដាក់អនុវត្តរាល់វិធានការណ៍ដែលអំណោយផលដល់ការបញ្ឈប់ការប្រយុទ្ធ និងបន្ថយភាពតានតឹងឱ្យបានឆាប់រហ័ស»។

លោកបន្ថែមទៀតថា «ចិននឹងបន្តដោយគោរពតាមឆន្ទៈរបស់ភាគីទាំងពីរធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីជំរុញការចរចាសន្តិភាព និងដើរតួនាទីស្ថាបនាដោយវិធីសាស្ត្ររបស់ខ្លួន ក្នុងការជំរុញឱ្យមានបទឈប់បាញ់ និងស្តារសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរ»។

អ្នកវិភាគការទំនាក់ទំនងអន្តរជាតិមើលឃើញថា សេចក្តីថ្លែងការណ៍របស់ចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បង្ហាញយ៉ាងច្បាស់ពីតួនាទីរបស់ចិន ក្នុងនាមជាអំណាចធំមួយនៅតំបន់ ដែលកំពុងព្យាយាមរក្សាស្ថិរភាព និងបញ្ចៀសការកើនឡើងនៃជម្លោះប្រដាប់អាវុធរវាង កម្ពុជា និងថៃ។

តាមទស្សនៈអ្នកវិភាគ ការអំពាវនាវឱ្យ “អត់ធ្មត់ខ្ពស់បំផុត” និង “បញ្ឈប់ការប្រយុទ្ធ” គឺជាសញ្ញាថា ចិនមិនចង់ឃើញការពង្រីកជម្លោះ ដែលអាចប៉ះពាល់ដល់សន្តិសុខតំបន់អាស៊ាន និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ ជាពិសេស កម្ពុជានិងថៃ សុទ្ធសឹងជាដៃគូសេដ្ឋកិច្ច និងយុទ្ធសាស្ត្រសំខាន់របស់ចិន។

អ្នកវិភាគក៏បញ្ជាក់ថា ការប្រកាសរួចរាល់ “ដើរតួនាទីស្ថាបនា” និង “ជំរុញការចរចាសន្តិភាព” ស្របតាមគោលនយោបាយការបរទេសរបស់ចិន ដែលតែងលើកស្ទួយការដោះស្រាយជម្លោះដោយសន្តិវិធី និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងប្រទេសផ្សេង។ ទោះយ៉ាងណា ការជោគជ័យនៃការសម្របសម្រួល គឺអាស្រ័យលើឆន្ទៈនយោបាយ និងការអនុវត្តជាក់ស្តែងរបស់ភាគីទាំងពីរ។

សរុបអ្នកវិភាគយល់ថា សេចក្តីថ្លែងការណ៍របស់ចិន មិនត្រឹមតែជាការអំពាវនាវផ្នែកការទូតប៉ុណ្ណោះទេ ប៉ុន្តែជាសារសំខាន់មួយ បង្ហាញពីការចង់ឃើញបទឈប់បាញ់ឱ្យបានឆាប់ និងការរក្សាសន្តិភាពយូរអង្វែងនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ៕