ព្រះវិហារ៖ នៅវេលាម៉ោង ០៩និង៣១នាទី ព្រឹកថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ កងកម្លាំងយោធាថៃ បានបើការបាញ់ផ្លោង និងបាញ់ផ្សែងពុល ចូលភូមិសាស្ត្រ តំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា។
ក្រសួងការពារជាតិបានឱ្យដឹងថា កងកម្លាំងកម្ពុជា បាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។
សកម្មភាពរបស់យោធាថៃ កំពុងផ្គើនទៅនឹងការអំពាវនាវរបស់មហាអំណាច រួមមាន សហរដ្ឋអាមេរិក ចិន និងសហគគមន៍អឺរ៉ុម ព្រមទាំងបណ្តាប្រទេសលើពិភពលោកឱ្យភាគីទាំងពីរបន្ធូរបន្ថយភាពតានតឹង និងឈប់បាញ់ងាកទៅរកតុចរចា ប៉ុន្តែយោធាថៃមិនស្តាប់ឡើយ គឺបន្តសកម្មភាពវាយប្រហារលើតំបន់ជនស៊ីវិល អគារពាណិជ្ជកម្ម សាលារៀន រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានារាប់មិនអស់ ឈ្លានពានចូលអធិបតេយ្យរបស់កម្ពុជាយ៉ាងគឃ្លើន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែធ្នូនេះ សង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើកម្ពុជា មានរយៈពេលជាច្រើនថ្ងៃហើយ ដោយចាប់ផ្តើមតាំងពីថ្ងៃទី០៧ ខែធ្នូ កន្លងមក ដែលបណ្តាលឱ្យមានជនស៊ីវិលកម្ពុជាបាត់បង់អាយុជីវិត និងរបួសជាច្រើននាក់៕



