តាកែវ៖ លោក យង់ សុវឌ្ឍនា អភិបាលរង ខេត្តតាកែវ បានដាក់ចេញនូវការណែនាំដល់បណ្ដាសេវាករអគ្គិសនីទូទាំងខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់សេវា និងការរៀបចំបណ្តាញខ្សែភ្លើងឱ្យមានរបៀបរៀបរយ ដើម្បីធានាបាននូវទំនុកចិត្តនិងសុវត្ថិភាពជូនអ្នកប្រើប្រាស់។
ការណ៍នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី ការផ្គត់ផ្គង់ចរន្តអគ្គិសនី រវាងរដ្ឋបាលខេត្ត និងសេវាករអគ្គិសនី កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ។
លោក យង់ សុវឌ្ឍនា បានលើកឡើងថា អាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណអគ្គិសនី គឺជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យមានការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព ហើយក្នុងនោះ សេវាករត្រូវគិតគូរឱ្យបានដិតដល់នូវគុណភាពសេវាកម្ម និងតម្លៃឱ្យបានសមរម្យស្របតាមច្បាប់កំណត់។
លោក យង់ សុវឌ្ឍនា បន្តថា រាល់បណ្តឹងសំណើ ឬសំណូមពរផ្សេងៗពីសំណាក់អតិថិជន ត្រូវតែដោះស្រាយឱ្យបានឆាប់រហ័សបំផុត ហើយក្នុងនោះត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំបណ្តាញខ្សែភ្លើងឱ្យមានសណ្តាប់ធ្នាប់ ជៀសវាងការធ្លាក់រញ៉េរញ៉ៃ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ និងប៉ះពាល់ដល់សោភ័ណភាពភូមិឃុំ។
លោកអភិបាលរង បានសង្កត់ធ្ងន់ផងដែរថា «សេវាករទាំងអស់ត្រូវបន្តពង្រីកវិសាលភាពនៃការផ្គត់ផ្គង់អគ្គិសនីឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីធានាថាប្រជាពលរដ្ឋនៅគ្រប់តំបន់ក្នុងខេត្តតាកែវ ទទួលបានថាមពលអគ្គិសនីប្រើប្រាស់ប្រកបដោយសមធម៌ និងប្រសិទ្ធភាព»៕




