2025-12-25 08:42
11

ក្រសួងការបរទេសឥណ្ឌា កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃយ៉ាងតឹងរ៉ឹងចំពោះការកម្ទេចរូបសំណាកព្រះព្រហ្មញ្ញសាសនា ដែលទើបកសាងឡើងថ្មីៗ នៅតំបន់ព្រំដែនរងជម្លោះរវាងកម្ពុជា និងថៃ។

ក្នុងការឆ្លើយតបចំពោះសំណួរពីសារព័ត៌មានពាក់ព័ន្ធនឹងការកម្ទេចរូបសំណាកព្រះព្រហ្មញ្ញសាសនា អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសឥណ្ឌា លោក Shri Randhir Jaiswal បាននិយាយថា៖ «យើងបានឃើញរបាយការណ៍អំពីការកម្ទេចរូបសំណាកព្រហ្មញ្ញសាសនា ដែលទើបកសាងឡើងថ្មីៗ និងមានទីតាំងនៅតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនថៃ-កម្ពុជា។ 

ទេវរូបព្រហ្មញ្ញ និងព្រះពុទ្ធ ត្រូវបានគោរពសក្ការៈយ៉ាងជ្រាលជ្រៅ និងត្រូវបានបូជាពីសំណាក់ប្រជាជនទូទាំងតំបន់ ដោយជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួម»។ 

អ្នកនាំពាក្យបានបន្ថែមទៀតថា «ទោះបីមានការទាមទារកម្មសិទ្ធិលើទឹកដីក៏ដោយ ការបំពានខ្វះការគោរពបែបនេះ បានប៉ះពាល់ដល់មនោសញ្ចេតនារបស់អ្នកដើរតាមសាសនានៅជុំវិញពិភពលោក ហើយមិនគួរត្រូវបានអនុវត្តឡើយ»។

ក្រសួងការបរទេសឥណ្ឌា បានអំពាវនាវឲ្យភាគីទាំងពីរ ត្រឡប់ទៅរកកិច្ចសន្ទនា និងផ្លូវការទូត ដើម្បីស្តារសន្តិភាព និងជៀសវាងការបាត់បង់ជីវិតមនុស្សបន្ថែមទៀត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងបេតិកភណ្ឌវប្បធម៌៕