2025-12-29 11:42
3

យូណាន៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង លោក សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំត្រីភាគីនេះ បានផ្តោតលើការពិភាក្សាអំពីស្ថានការណ៍បច្ចុប្បន្នតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ក៏ដូចជាការអនុវត្តបទឈប់បាញ់ដែលបានព្រមព្រៀងគ្នានាពេលថ្មីៗនេះ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់សន្តិភាព ស្ថិរភាព និងការកសាងទំនុកចិត្តរវាងភាគីពាក់ព័ន្ធ។

ក្នុងឱកាសនោះ ភាគីទាំងបីបានបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនា ការប្រើប្រាស់វិធីការទូត និងការគោរពគ្នាទៅវិញទៅមក ដោយចាត់ទុកថា ជាវិធីសាស្ត្រស្ថាបនា និងមានប្រសិទ្ធភាពបំផុត សម្រាប់ការដោះស្រាយបញ្ហា និងវិវាទដោយសន្តិវិធី។

ភាគីចិន បានបន្តបង្ហាញតួនាទីស្ថាបនា ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងថៃ ក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងជំរុញការស្តារឡើងវិញនូវទំនាក់ទំនង និងទំនុកចិត្តរវាងប្រទេសទាំងពីរ។

កិច្ចប្រជុំត្រីភាគីនេះ ត្រូវបានចាត់ទុកថា ជាជំហានវិជ្ជមានមួយ ក្នុងការរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពក្នុងតំបន់ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការតាមវិធីសន្តិវិធី និងច្បាប់អន្តរជាតិ៕