2025-12-31 11:43
6

ប៉ៃលិន៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះ វីរកងទ័ពកម្ពុជាទាំង ១៨ រូប ដែលទើបត្រូវបានដោះលែងពីការឃុំគ្រងរបស់ភាគីថៃ បានធ្វើដំណើរមកដល់សាលាខេត្តប៉ៃលិន ដោយសុវត្ថិភាព ដើម្បីទទួលការពិនិត្យសុខភាព និងការថែទាំបឋម មុនបន្តដំណើរទៅកាន់រាជធានីភ្នំពេញ។ 

ការមកដល់របស់វីរកងទ័ពទាំងអស់ ត្រូវបានស្វាគមន៍ដោយអាជ្ញាធរខេត្ត មន្ត្រីជំនាញផ្នែកសុខាភិបាល និងតំណាងស្ថាប័នពាក់ព័ន្ធ ដោយមានការរៀបចំការត្រួតពិនិត្យសុខភាពយ៉ាងម៉ត់ចត់ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាព បន្ទាប់ពីស្ថិតក្រោមការឃុំគ្រងអស់រយៈពេល ១៥៥ ថ្ងៃ។

បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ និងសម្រាកបណ្តោះអាសន្ននៅខេត្តប៉ៃលិន វីរកងទ័ពកម្ពុជាទាំង ១៨ រូប នឹងបន្តដំណើរទៅកាន់រាជធានីភ្នំពេញ ដើម្បីជួបជុំគ្រួសារ និងចូលរួមក្នុងកម្មវិធីទទួលស្វាគមន៍តាមការរៀបចំរបស់ស្ថាប័នជាតិពាក់ព័ន្ធ។

ការវិលត្រឡប់មកមាតុភូមិរបស់វីរកងទ័ពទាំងនេះ ត្រូវបានចាត់ទុកថា ជាសញ្ញាវិជ្ជមាន និងជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងការគោរពច្បាប់មនុស្សធម៌អន្តរជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារកិត្តិយស និងសុវត្ថិភាពយោធិនរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា នៅវេលាម៉ោង ១០និង០០ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ យោធិនកម្ពុជាចំនួន ១៨ រូប ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញដោយសុវត្ថិភាព តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ ការដោះលែងនេះ គឺធ្វើឡើងក្រោមការឯកភាពរវាងកម្ពុជា និងថៃ ស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងចំណុចទី១១ នៃសេចក្តីប្រកាសរួម បានកំណត់ថា “បន្ទាប់ពីមានការគោរពយ៉ាងពេញលេញនៃបទឈប់បាញ់រយៈពេល ៧២ ម៉ោង ដែលចូលជាធរមាននៅវេលាម៉ោង ១២និង០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការដោះលែងយោធិនកម្ពុជាត្រូវអនុវត្តជាក់ស្តែង”។

ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនកម្ពុជាទាំង ១៨ រូប ក៏មានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដើម្បីធានាឱ្យដំណើរការនេះប្រព្រឹត្តទៅដោយតម្លាភាព និងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា «ការដោះលែងនេះ ក៏ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីពីថ្នាក់ដឹកនាំអន្តរជាតិពាក់ព័ន្ធ»។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តថា «មិនទុកយោធិនរបស់ខ្លួនណាម្នាក់ចោលឡើយ» ហើយបានប្រើប្រាស់គ្រប់មធ្យោបាយទាំងផ្នែកការទូត និងច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីធានាឱ្យយោធិនកម្ពុជាវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញដោយសុវត្ថិភាព។

ការដោះលែងយោធិនកម្ពុជាទាំង ១៨ រូបនេះ ត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការកសាងទំនុកចិត្ត ការលើកកម្ពស់សន្តិភាព និងការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ដើម្បីស្ថិរភាព និងការអភិវឌ្ឍរួមនាពេលខាងមុខ៕