លោក ស៊ី បានលើកឡើងអំពីការគោរពគ្នាទៅវិញទៅមក និងការសម្រេចបានលទ្ធផលឈ្នះ-ឈ្នះថា ជា «បទពិសោធន៍ដ៏មានតម្លៃ» សម្រាប់ការអភិវឌ្ឍន៍រយៈពេលវែង និងមានស្ថិរភាព នៃទំនាក់ទំនង ចិន-អៀរឡង់។ លោកបានថ្លែងបែបនេះ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheal Martin នៅសាលប្រជុំធំប្រជាជន ក្នុងទីក្រុងប៉េកាំង។ នេះបើយោងតាមចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន REUTERS។
ចិនបានបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំង ក្នុងការចូលរួមសហការជាមួយប្រទេសសមាជិកសហភាពអឺរ៉ុបជាលក្ខណៈឯកត្តជាតិ ខណៈទំនាក់ទំនងជាមួយទីក្រុងប្រ៊ុចសែលនៅតែមានភាពតានតឹង។ ប៉េកាំងក៏បានប្រើកិច្ចប្រជុំទ្វេភាគីទាំងនេះ ជាមធ្យោបាយមួយសម្រាប់បញ្ជូនទស្សនៈរបស់ខ្លួន ស្តីពីទំនាក់ទំនងជាមួយ EU ផងដែរ។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua លោក ស៊ី បានប្រាប់លោក Martin ថា “ចិន និង EU គួរផ្តោតលើផលប្រយោជន៍រយៈពេលវែង ប្រើវិធីសាស្ត្រមើលបញ្ហាដោយមានភាពវត្ថុវិស័យ និងសមហេតុផល ចំពោះភាពខុសគ្នារវាងគ្នា ហើយបន្តស្វែងរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ”។
លោក ស៊ី ក៏បានបង្ហាញក្តីសង្ឃឹមថា អៀរឡង់នឹងដើរតួនាទីស្ថាបនាដ៏សំខាន់ ក្នុងការជំរុញឱ្យទំនាក់ទំនង ចិន-EU អភិវឌ្ឍទៅដោយសុខដុមរមនា និងមានស្ថិរភាព ជាពិសេសនៅពេលដែលអៀរឡង់នឹងទទួលតួនាទីជាប្រធានប្តូរវេន នៃក្រុមប្រឹក្សា EU នៅពាក់កណ្តាលចុងឆ្នាំនេះ។
ចិនមានចំណាប់អារម្មណ៍ក្នុងការសហការជាមួយអៀរឡង់ ក្នុងវិស័យជាច្រើន រួមមាន បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល ឱសថ និងទេសចរណ៍។ លោក ស៊ី ក៏បានអំពាវនាវឱ្យមានការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង ក្នុងកិច្ចការអន្តរជាតិ ដើម្បីគាំទ្រពហុភាគីនិយម និងយុត្តិធម៌អន្តរជាតិ។
ចំណែកឯ លោក Micheal Martin ដែលជានាយករដ្ឋមន្ត្រីអៀរឡង់ដំបូងគេ ដែលបានទៅទស្សនកិច្ចនៅប៉េកាំងក្នុងរយៈពេល ១៤ ឆ្នាំ ចុងក្រោយ បានថ្លែងថា “អៀរឡង់ទទួលស្គាល់តួនាទីដ៏មិនអាចខ្វះបានរបស់ចិន នៅលើឆាកអន្តរជាតិ ដោយបានរំលេចពីការចូលរួមរបស់ចិន ក្នុងកិច្ចការរក្សាសន្តិភាព”។
លោកក៏បានសង្កត់ធ្ងន់លើជំហររបស់អៀរឡង់ ចំពោះពាណិជ្ជកម្មបើកចំហ ដែលជាប្រធានបទមួយ ដែលអាចត្រូវបានលើកឡើងក្នុងការពិភាក្សារបស់លោកជាមួយថ្នាក់ដឹកនាំចិន។
លោកបានមានប្រសាសន៍ថា៖ «យើងជឿជាក់ថា វាជារឿងមូលដ្ឋានណាស់ ដែលយើងត្រូវខិតខំធ្វើការទៅរកពាណិជ្ជកម្មបើកចំហ ដោយទទួលស្គាល់ពីភាពពឹងពាក់គ្នារបស់ពិភពលោក»។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់ លោក Martin បានកើតឡើង ប្រហែលពីរសប្តាហ៍ បន្ទាប់ពីប៉េកាំង បានប្រកាសដាក់ពន្ធលើផលិតផលទឹកដោះគោពី EU ដោយដាក់ពន្ធបណ្តោះអាសន្នរហូតដល់ ៤២.៧% ដែលជាវិធានការថ្មីបំផុត ក្នុងចំណោមវិធានការជាច្រើន ប្រឆាំងនឹងការនាំចេញពី EU ដែលត្រូវបានមើលឃើញយ៉ាងទូលំទូលាយថា ជាការឆ្លើយតបចំពោះពន្ធរថយន្តអគ្គិសនីរបស់ EU៕





