2026-01-09 13:34
19

ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា អនាគតសន្តិភាព និងស្ថេរភាពនៅតំបន់ព្រំដែន កម្ពុជា-ថៃ ពឹងផ្អែកលើលទ្ធផលឆ្នោតប្រជាជនថៃ។ បើគណបក្សប្រជាជន ឬគណបក្សភឿថៃឈ្នះឆ្នោតនៅក្នុងខែកុម្ភ:នេះ ពួកគេនឹងមិនលេងល្បែងសង្រ្គាមដូចគណបក្សដទៃនោះទេ ប៉ុន្តែបើខុសពីគណបក្សទាំងពីរ គឺនឹងនាំមកនូវភ្លើងសង្រ្គាម និងភាពមហន្តរាយនៃប្រទេសទាំងពីរដោយគ្មានទីបញ្ចប់។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស បានលើកឡើងថា មានមតិជាច្រើនបានលើកក្នុងការព្រួយបារម្ភថា: «បើអានុទីនចាញ់ឆ្នោតនោះនឹងមានសង្រ្គាមជាលើកទី៣»។

ជុំវិញការលើកឡើងនេះ ចំពោះទស្សន:របស់ លោក កែវ រ៉េមី ប្រធានគណៈកម្មកាធិការសិទ្ធិមនុស្សកម្ពុជាវិញ គឺថាបើអានុទីនចាញ់ឆ្នោតភាគរយទាបណាស់នឹងមិនមានសង្រ្គាមទេ ពីព្រោះកន្លងមកយោធាថៃបើកការឈ្លានពានកម្ពុជាបាន ក៏ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលថៃ ដែលដឹកនាំដោយអានុទីនដែលពាក្យខ្មែរយើងនិយាយថា «ទៅទាំងប៉ីទាំងស្គរ»។ 

ហេតុដូច្នេះ បើអានុទីន បាត់អំណាចហើយ ទាហានថៃមិនអាចធ្វើសង្រ្គាមដោយគ្មានដៃគូបាននោះទេ។ 

ជាការសន្និដ្ឋានបើ អានុទីនចាញ់ឆ្នោត នោះសង្រ្គាមនឹងមិនអាចកើតបានទេ។ បើគណបក្សប្រជាជន ឬគណបក្សភឿថៃឈ្នះឆ្នោតនៅក្នុងខែកុម្ភ:នេះ ពួកគេនឹងមិនលេងល្បែងសង្រ្គាមដូចគណបក្សដទៃនោះទេ ពីព្រោះថា គណបក្សទាំងពីរផ្តោតទៅលើសេដ្ឋកិច្ច ទេសចរណ៍ វិនិយោគ និងបង្កើនទំនាក់ទំនងអន្តរជាតិ ជាជាងធ្វើសង្រ្គាមជាមួយប្រទេសជិតខាង បើទោះជាគោលនយោបាយរបស់ពួកគេ មានការបើកច្រកសហការជាមួយយោធាថៃក៏ដោយ ក៏ចរិតលក្ខណ:នៃគណបក្សទាំងពីរមិននិយមធ្វើសង្រ្គាមដែរ។ 

លោកបានបន្ថែមទៀតថា សម្រាប់ការធានាស្ថេរភាព និងសន្តិភាពយូរអង្វែងរវាងបញ្ហាព្រំដែន កម្ពុជា-ថៃ ក្នុងពេលអនាគត គឺត្រូវពឹងលើប្រជាជនថៃបោះឆ្នោតឲ្យគណបក្សប្រជាជន ឬគណបក្សភឿថៃ។ បើខុសពីគណបក្សទាំងពីរ គឺនឹងនាំមកនូវភ្លើងសង្រ្គាម និងភាពមហន្តរាយនៃប្រទេសទាំងពីរដោយគ្មានទីបញ្ចប់៕