តៃប៉ិ៖ យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍របស់ចិនបានហោះកាត់កោះ Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់ នៅចុងកំពូលនៃសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍ ដែលនេះជាសកម្មភាព ដែលក្រសួងការពារជាតិតៃវ៉ាន់ហៅថាជាទង្វើ "បង្កហេតុ និងគ្មានការទទួលខុសត្រូវ"។
តាមការចេញផ្សាយដោយ Reuter នៅថ្ងៃទី១៧ មករា នេះ ក្រសួងការពារជាតិរបស់តៃវ៉ាន់ បាននិយាយថា ដ្រូនឈ្លបយកការណ៍របស់ចិន ត្រូវបានរកឃើញនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ខិតជិតកោះ Pratas ហើយវាបានហោះក្នុងដែនអាកាសរបស់តៃវ៉ាន់រយៈពេល ៨នាទី ក្នុងរយៈកម្ពស់មួយនៅខាងក្រៅជួរនៃអាវុធប្រឆាំងយន្តហោះរបស់តៃវ៉ាន់។
សកម្មភាពបង្ករហេតុរបស់ចិន បានធ្វើឲ្យតៃវ៉ាន់នៅមិនសុខម្ដងទៀត ក្រោយទីក្រុងប៉េកាំងទើបតែធ្វើសមយុទ្ធបាញ់គម្រាមជុំវិញដែនកោះរបស់តៃវ៉ាន់។
ការព្យាយាមបង្កាត់ភាពតានតឹងជាមួយតៃវ៉ាន់ម្ដងជាពីរដងពីទីក្រុងប៉េកាំង បានធ្វើឲ្យដែនកោះតៃវ៉ាន់ ដាក់ការគម្រាមថា នឹងថ្កោសទោសទង្វើរបស់ចិនដោយជៀសមិនរួច ក្នុងករណីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២របស់ពិភពលោកនេះ បង្ហាញសកម្មភាពបង្កហេតុ និងគ្មានការទទួលខុសត្រូវខ្ពស់ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ រួមទាំងរំលោភលើបទដ្ឋានច្បាប់អន្តរជាតិ។
គួរឲ្យដឹងថា ថ្មីៗនេះកងកម្លាំងពិសេសរបស់ចិន បានចាប់ផ្ដើមធ្វើសមយុទ្ធពិសេសមួយដែលមានរហ័សមានថា “កាត់ក្បាល” ស្រដៀងទៅនឹងលំនាំកងកម្លាំងពិសេសរបស់អាមេរិកដែលបានឆ្មក់ចូលចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា។ ដែលសមយុទ្ធរបស់ចិននេះ ត្រូវបានគេជឿថា ក្នុងគោលបំណងចង់ឆ្មក់ចាប់ខ្លួនមេដឹកនាំតៃវ៉ាន់ លោក ឡៃ ឈីងតេ៕



