2026-01-27 07:41
25

តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦ កម្ពុជា បានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) ហើយ។

តាមការបង្ហោះសំណេរលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាព គឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។ 

សម្ដេចធិបតីក៏បានគូសរំលេចបន្ថែម ទៅដល់ប្រជាពលរដ្ឋមួយចំនួនដែលមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ ដោយបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ហើយចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង (អចិន្ត្រៃយ៍) តែប៉ុណ្ណោះ៕