2026-02-05 13:48
7

ភ្នំពេញ៖ ការិយាល័យឧស្សាហកម្ម និងសន្តិសុខ (Bureau of Industry and Security – BIS) នៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចដកព្រះរាជាណាចក្រកម្ពុជាចេញពីបញ្ជីប្រទេសក្រុម D:5 ក្នុងបទប្បញ្ញត្តិរដ្ឋបាលនាំចេញ (Export Administration Regulations – EAR) ដែលជាបញ្ជីប្រទេសត្រូវបានហាមឃាត់ពាក់ព័ន្ធនឹងការនាំចេញសម្ភារៈ និងបច្ចេកវិទ្យាដែលមានសមត្ថភាពប្រើប្រាស់សម្រាប់វិស័យយោធា និងសន្តិសុខ។

ការសម្រេចនេះ មានសារៈសំខាន់ខ្លាំងក្នុងបរិបទទំនាក់ទំនង កម្ពុជា-អាមេរិក ព្រោះក្រុម D:5 គឺជាក្រុមប្រទេសដែលសហរដ្ឋអាមេរិកដាក់កម្រិតខ្ពស់លើការនាំចេញសម្ភារៈពាក់ព័ន្ធយោធា អាវុធ បច្ចេកវិទ្យាសន្តិសុខ និងផលិតផលដែលមានការប្រើប្រាស់ពីរ (dual-use items)។

គួររំលឹកថា ការសម្រេចរបស់ BIS នេះ ធ្វើឡើងបន្ទាប់ពីរយៈពេលជាង ២ខែ បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្រេចដកកម្ពុជាចេញពីបញ្ជីហាមឃាត់ការលក់អាវុធ (arms embargo list) រួចមកហើយ។ នេះបង្ហាញពីនិន្នាការវិជ្ជមាន និងការកែលម្អជំហរគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា។

តាមអ្នកវិភាគ បញ្ជាក់ថា ការដកចេញពីបញ្ជី D:5 នឹងបើកទូលាយឱកាសថ្មីៗ សម្រាប់កម្ពុជា ក្នុងការទទួលបានបច្ចេកវិទ្យា សម្ភារៈ និងផលិតផលបច្ចេកទេសខ្ពស់ ពិសេសផលិតផលដែលមានការប្រើប្រាស់ពីរ (civilian និង security) ដែលមុននេះត្រូវបានរឹតត្បិតយ៉ាងតឹងរឹង។

ការសម្រេចនេះ ក៏ត្រូវបានមើលឃើញថា ជាជំហានមួយក្នុងការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការយោធា សន្តិសុខ និងបច្ចេកវិទ្យា រវាងកម្ពុជា និងសហរដ្ឋអាមេរិក បន្ថែមលើកិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងក្នុងវិស័យផ្សេងៗ។

អ្នកជំនាញទាក់ទងនឹងពាណិជ្ជកម្មអន្តរជាតិបញ្ជាក់ថា ក្រោម EAR ប្រទេសដែលស្ថិតក្នុងក្រុម D:5 ត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ក្នុងការប្រើប្រាស់ផលិតផលនាំចេញសម្រាប់គោលបំណងយោធា។ ដូច្នេះ ការដកកម្ពុជាចេញពីក្រុមនេះ មានន័យថា សហរដ្ឋអាមេរិកបានវាយតម្លៃឡើងវិញលើបរិបទសន្តិសុខ និងការគ្រប់គ្រងការនាំចូល-នាំចេញរបស់កម្ពុជា។

ជារួម ការសម្រេចនេះត្រូវបានមើលឃើញថា ជាសញ្ញាវិជ្ជមានមួយ សម្រាប់បរិយាកាសវិនិយោគ បច្ចេកវិទ្យា និងសន្តិសុខរបស់កម្ពុជា ហើយជាការបន្តបង្ហាញពីការកែលម្អទំនាក់ទំនងទ្វេភាគី កម្ពុជា-អាមេរិក ក្នុងរយៈពេលចុងក្រោយនេះ៕