ភាគរយខ្ពស់ ដែលគ្រប់គ្នាកំពុងដាក់ការព្រួយបារម្ភថា សង្គ្រាមនៅមជ្ឈិមបូព៌ាអាចកើតឡើងក្នុងកាលៈទេសៈមិនស្របទិសគ្នាណាមួយរវាងអាមេរិក និងអ៊ីរ៉ង់ បើទោះបីជាខណៈពេលនេះ មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ កំពុងជួបប្រជុំគ្នាផ្ទាល់នៅប្រទេសអូម៉ង់ក៏ដោយ។
តាមការស្រង់ប្រភពពីសារព័ត៌មានអន្តរជាតិចំនួនបីដូចជា Al Jazeera, Reuter, BBC ដែលបានចេញផ្សាយនៅថ្ងៃទី០៦ កុម្ភៈនេះមានខ្លឹមសារស្រដៀងគ្នាថា ការគ្រោងប្រើកម្លាំងយោធាដ៏ខ្លាំងក្លានៅមជ្ឈិមបូព៌ា នៅតែជាចំណុចរសើបដែលគួរឲ្យព្រួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បើទោះបីប្រទេសទាំងពីរនេះព្យាយាមបន្ទន់ឥរិយាបថរៀងខ្លួនក្នុងការបើកកិច្ចព្រមព្រៀងជាផ្លូវការជាមួយគ្នាក៏ដោយ។
ស្របពេលដែលកិច្ចពិភាក្សាកំពុងបន្តយ៉ាងផុយស្រួលរវាងអ៊ីរ៉ង់ និងអាមេរិក ស្រាប់តែភ្លាមៗ ទីក្រុងវ៉ាស៊ីនតោន បែរជាព្រមានពលរដ្ឋអាមេរិកទាំងអស់ដែលកំពុងស្ថិតនៅអ៊ីរ៉ងឲ្យរៀបចំខ្លួនចាកចេញពីប្រទេសនេះជាបន្ទាន់ ខណៈដែលចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាល កំពុងពង្រីកភាពចលាចលទូទាំងទីក្រុងតេអេរ៉ង់។ នេះបើតាមសារព័ត៌មាន ANI ចេញផ្សាយថ្ងៃទី៦ខែកុម្ភៈ ដោយដកស្រង់ការប្រកាសរបស់ស្ថានទូតនិម្មិតរបស់អាមេរិកប្រចាំអ៊ីរ៉ង់។
ក្នុងសេចក្តីណែនាំបន្ទាន់មួយ អាមេរិកបានជំរុញឲ្យពលរដ្ឋខ្លួនត្រូវរកវិធីសាស្រ្តចេញពីអ៊ីរ៉ង់តាមផ្លូវគោកទៅកាន់ប្រទេសអាមេនី ឬតួកគី ប្រសិនបើជើងហោះហើរត្រូវបានលុបចោល ហើយត្រូវត្រៀមស្បៀងអាហារ ទឹក និងថ្នាំសង្កូវឲ្យបានគ្រប់គ្រាន់ក្នុងករណីមិនអាចចាកចេញពីប្រទេសនេះបាន។
ការប្រកាសនេះ ធ្វើឡើង ស្របពេលដែល លោក ត្រាំ ទើបផ្ញើសារព្រមានមេដឹកនាំអ៊ីរ៉ង់ជាថ្មីថា គួរតែមានការព្រួយបារម្ភឲ្យមែនទែន។
ខណៈការចរចាកំពុងដំណើរការក៏ដោយ ប៉ុន្តែយើងក៏មិនអាចទាយទុកមុនបានដែរថា អាចជួយបន្ធូរបន្ថយភាពតានតឹងឲ្យផុយស្រួយជាងមុន ឬរឹតតែបំប៉ោងស្ថានការណ៍ឲ្យកៀកនឹងមាត់ជ្រោះ ក្នុងការប្រើកម្លាំងយោធាដាក់គ្នារវាងទីក្រុងវ៉ាស៊ីន និងទីក្រុងតេអេរ៉ង់ ឬយ៉ាងណានោះទេ៕




