បាត់ដំបង៖ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើផ្លូវហៃវេ ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង បន្ទាប់ពីមានសង្ស័យថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បានបណ្តាលឱ្យបុរសម្នាក់ បាត់បង់ជីវិត ហើយជនបង្កបានយកសាកសពទៅកប់លាក់ និងយកម៉ូតូទៅបោះចោល ដើម្បីបំបាត់ភស្តុតាង។
តាមព័ត៌មានបឋមពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តមួយគ្រឿង ត្រូវបានសង្ស័យថា បានបុកម៉ូតូជនរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ បន្ទាប់មក ជនសង្ស័យបានយកសាកសពទៅកប់ចោល ខណៈម៉ូតូរបស់ជនរងគ្រោះ ក៏ត្រូវបានសែងយកទៅលាក់ទុកនៅទីតាំងផ្សេង ដើម្បីបំបាត់ដានភស្តុតាង។
ប្រជាពលរដ្ឋនៅតំបន់បានរាយការណ៍ទៅសមត្ថកិច្ច បន្ទាប់ពីមានសង្ស័យមួយចំនួននៅទីតាំងខាងលើ ដែលនាំឱ្យសមត្ថកិច្ចចុះពិនិត្យ និងស្រាវជ្រាវភ្លាមៗ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេតយ៉ាងតឹងរឹង ដើម្បីស្វែងរកជនពាក់ព័ន្ធ និងបញ្ជាក់ពីលំអិតនៃហេតុការណ៍នេះ ខណៈសាកសពត្រូវបានយកទៅធ្វើកោសល្យវិច័យ ដើម្បីបញ្ជាក់មូលហេតុនៃការស្លាប់។
សមត្ថកិច្ចអំពាវនាវដល់ប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធ សូមផ្តល់ព័ត៌មាន ដើម្បីជួយដល់ដំណើរការស្រាវជ្រាវឱ្យបានឆាប់រហ័ស៕




