ម៉ានីល៖ សង្គ្រាមពាក្យសម្ដីដែលមើលមិនឃើញទីបញ្ចប់រវាងចិន និងហ្វីលីពីន កំពុងឡើងកម្ដៅខ្លាំងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលថ្មីៗនេះ។ សម្លឹងឃើញពីភាពអំនួត និងឡើងចាងរបស់ចិន ហ្វីលីពីន បានដាស់តឿនទីក្រុងប៉េកាំងឲ្យបន្ទន់ឥរិយាបថបន្តិច ដើម្បីកាត់បន្ថយកម្ដៅដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ។
តាម Reuter ក្រសួងការបរទេសហ្វីលីពីន បានជំរុញឱ្យស្ថានទូតចិន នៅទីក្រុងម៉ានីល ធ្វើសេចក្តីថ្លែងការណ៍មួយ តែត្រូវស្ថិតក្នុងន័យស្ថាបនា ក្រោយពេលសង្គ្រាមពាក្យសម្តីកាន់តែកើនឡើង រវាងអ្នកការទូតចិន និងមន្ត្រីសាធារណៈ រួមទាំងសមាជិកព្រឹទ្ធសភាហ្វីលីពីន។
ការទាមទារទៅកាន់ចិនបែបនេះ បានធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភានៃប្រទេសហ្វីលីពីនបានអនុម័ត ដោយសម្រេចថ្កោលទោសចំពោះសេចក្តីថ្លែងការណ៍របស់ស្ថានទូតចិននៅទីក្រុងម៉ានីល ដែលបានរិះគន់មន្ត្រីហ្វីលីពីនចំពោះការការពារអធិបតេយ្យភាពរបស់ខ្លួន និងសិទ្ធិដែនសមុទ្រនៅសមុទ្រចិនខាងត្បូង។
ជាការមិនយល់ស្របក្នុងការថ្កោសទោសនេះ ស្ថានទូតចិនបានច្រានចោលភ្លាមៗ និងថ្កោលទោសហ្វីលីពីនវិញចំពោះដំណោះស្រាយបែបនេះ ដោយបោះសម្ដីថាវាជារឿងនយោបាយសុទ្ធសាធ និងមិនសមហេតុផលទាល់តែសោះ។
គួរឲ្យដឹងថា ហ្វីលីពីន និងចិនបានជាប់គាំងក្នុងការប្រឈមមុខដាក់គ្នាតាមដែនសមុទ្រជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយហ្វីលីពីនបានចោទប្រកាន់ចិនពីសកម្មភាពឈ្លានពាននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន រួមទាំងសមយុទ្ធដ៏គ្រោះថ្នាក់ និងការជ្រៀតជ្រែកក្នុងបេសកកម្មផ្គត់ផ្គង់ឡើងវិញថែមទៀតផង។
ប៉ុន្តែចិនបានចោទហ្វីលីពីនវិញថា គឺទីក្រុងម៉ានីលទៅវិញទេ ដែលបានរំលោភបំពានលើដែនសមុទ្រដែលចិនតែងអះអាងថាជាទឹកដីរបស់ខ្លួនផ្ដាច់មុខ៕
អត្ថបទដោយ៖ ម៉េង ធីដា





