ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះសាររបស់ លោក Lee Jae Myung ប្រធានាធិបតីនៃ សាធារណរដ្ឋកូរ៉េ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ដែលគំរាមកំហែងដល់សន្តិសុខសង្គម និងសុវត្ថិភាពប្រជាពលរដ្ឋ។ នេះតាមរយៈសំណេររបស់ សម្តេចនាយករដ្ឋមន្ត្រី នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។
សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ឧក្រិដ្ឋកម្មឆ្លងដែន មិនមែនជាបញ្ហាដែលប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងបានទេ។ ដូច្នេះ ការឆ្លើយតបទៅនឹងការគំរាមកំហែងនេះ តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ និងអន្តរជាតិ ជាក់ស្តែងតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ»។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ក្រុមការងាររួម កម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការទប់ស្កាត់ បង្រ្កាប និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបានបង្ហាញក្តីសង្ឃឹមថា ក្រុមការងារនេះនឹងបន្តទទួលបានលទ្ធផលកាន់តែប្រសើរ ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មប្រភេទនេះឱ្យបានប្រសិទ្ធិភាព៕




