2026-02-15 10:44
14

ថៃ៖ អំណាចព្រះអគ្គីដ៏សាហាវ កំពុងលេបត្របាក់ព្រៃនៅខេត្ត Nakhon Ratchasima ប្រទេសថៃ យ៉ាងស្រេកឃ្លាន បណ្ដាលឲ្យរងការបំផ្លាញលើផ្ទៃដីអស់ ១ ០២៤ហិកតា។ ហេតុការណ៍នៃភ្លើងឆេះព្រៃនេះ កើតឡើងនៅតំបន់អភិរក្សព្រៃឈើ Sakaerat ក្នុងស្រុក Wang Nam Kheaw និង Pak Thong ខេត្ត Nakhon Ratchasima ប្រទេសថៃ។

តាមនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានឲ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យដ៏សន្ធោសន្ធៅនេះ មានការចូលរួមពីស្ថាប័នចំនួន២១ ដើម្បីសហការពន្លឿនការពន្លត់ ក្នុងនោះក៏មានក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានផ្តល់ការគាំទ្រតាមផ្លូវអាកាស ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រដឹកទឹក ៥០០ លីត្រក្នុងមួយជើង ដែលហោះហើរសរុបចំនួន២៦ជើងផងដែរ។ នេះបើតាម The Nation ចេញផ្សាយនៅថ្ងៃសៅរ៍ ខែកុម្ភៈ ឆ្នាំ២០២៦។

យ៉ាងណាមិញ អាជ្ញាធរថៃកំពុងព្យាយាមយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើការបង្ការកុំឲ្យមានហេតុការណ៍ផ្សេងៗកើតឡើងបន្ថែមទៀត ខណៈមន្ត្រីក្នុងតំបន់កំពុងប្រុងជើងការខ្ពស់ព្រោះថា អគ្គិភ័យអាចកើតឡើងទៀត ដោយសារតែសកម្មភាពរបស់មនុស្សដុតបំផ្លាញព្រៃខុសច្បាប់៕

អត្ថបទដោយ៖ ម៉េង ធីដា