2026-02-16 10:24
8

ពលរដ្ឋប៉ាឡេស្ទីន ចំនួន ១១ នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ក្នុងការវាយប្រហារអាកាសរបស់អ៊ីស្រាអែលចំនួនពីរលើក នៅតំបន់ Gaza Strip កាលពីថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងមកនេះ។

តាមសេចក្តីរាយការណ៍របស់ BBC ដោយដកស្រង់ប្រភពពីអង្គការការពារជនស៊ីវិល និងមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ថា ការវាយប្រហារទាំងនេះបានកើតឡើងនៅបីទីតាំងផ្សេងៗគ្នា។ 

ការវាយប្រហារលើកដំបូង បានកើតឡើងនៅជំរំជនភៀសខ្លួន Jabalia ភាគខាងជើងហ្គាហ្សា បណ្តាលឲ្យមនុស្ស ០៥ នាក់ស្លាប់ និងការវាយប្រហារលើកទីពីរ កើតឡើងនៅតំបន់ Khan Younis ភាគខាងត្បូង ហើយសម្លាប់មនុស្ស ០៥ នាក់ទៀត។ ចំណែកការវាយប្រហារលើកទីបី នៅសង្កាត់ Tal al-Hawa ខាងកើតក្រុងហ្គាហ្សា បានសម្លាប់មនុស្សម្នាក់ ដែលត្រូវបានរាយការណ៍ថាជាមេបញ្ជាការក្រុម Palestinian Islamic Jihad ឈ្មោះ Sami al-Dahdouh។

យ៉ាងណាក៏ដោយ អ៊ីស្រាអែលបានចេញមុខការពារខ្លួន ដោយអះអាងថា ការវាយប្រហារទាំងនេះ គឺផ្តោតលើគោលដៅដែលពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មប៉ុណ្ណោះ។ ស្ថានការណ៍នៅហ្គាហ្សានៅតែមានភាពតានតឹង ខណៈការប៉ះទង្គិចនៅតំបន់នេះមិនទាន់បញ្ចប់នៅឡើយ៕