មិនមែនជាការស្រែកប្រកាសដោយអ្នកនាំពាក្យ ក៏មិនមែនជាការចេញមកឆ្លើយតបដោយទីបញ្ជាការកំពូលរបស់អ៊ីរ៉ង់ទៀតដែរ តែការឆ្លើយតបលើកនេះ មេដឹកនាំកំពូលអ៊ីរ៉ង់ជាអ្នកបង្ហើបសំឡេងវិញម្ដង។
លោក Mojtaba Khamenei មេដឹកនាំកំពូលថ្មីរបស់ទីក្រុងតេអេរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី6 ខែមេសាថា ការដែលអ៊ីស្រាអែលធ្វើឃាតលើ លោក Khademi ប្រធានចារកម្ម IRGC របស់ខ្លួន មិនបានធ្វើឱ្យកងកម្លាំងអ៊ីរ៉ង់ រង្គោះរង្គើចិត្តសូម្បីបន្តិចឡើយ។
ការស៊កសៀតពាក្យសម្ដីទៅសត្រូវពី លោក Mojtaba ធ្វើឡើងដោយមិនបានបង្ហាញមុខជាសាធារណៈទេ ពោលមានទម្រង់ជាលាយលក្ខណ៍អក្សរប៉ុណ្ណោះ។
តាមរបាយការណ៍សម្ងាត់ពីភ្នាក់ងារចារកម្មអាមេរិក និងអ៊ីស្រាអែល បានឲ្យដឹងថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei កំពុងស្ថិតក្នុងស្ថានភាពសន្លប់បាត់ស្មារតី និងមិនអាចដឹកនាំប្រទេសបានឡើយ។
លើសពីនេះ តាមសារព័ត៌មាន The Times of India បានចេញផ្សាយនៅថ្ងៃទី៧ មេសានេះបានទម្លាយបន្ថែមថា លោក Mojtaba កំពុងសម្រាកព្យាបាលជំងឺយ៉ាងធ្ងន់ធ្ងរនៅក្នុងមជ្ឈមណ្ឌលសាសនាទីក្រុង Qom ក្រោយពីបាត់មុខជាសាធារណៈយ៉ាងយូរ ចាប់តាំងពីថ្ងៃដែលលោកឡើងកាន់តំណែងបន្តពីឪពុកមកម្ល៉េះ។
ចំណុចដែលរឹតតែគួរឲ្យសង្ស័យ បន្ទាប់ពីឡើងកាន់តំណែង រាល់សេចក្តីថ្លែងការណ៍របស់មេដឹកនាំថ្មីរូបនេះ គឺសុទ្ធតែត្រូវបានអានដោយអ្នកសម្របសម្រួលកម្មវិធីទូរទស្សន៍រដ្ឋ និងមានទម្រង់ជាអក្សរទាំងអស់។
តាមការអះអាងពីក្រុមប្រឆាំងក្នុងស្រុក បានលើកឡើងថា លោក Mojtaba កំពុងស្ថិតក្នុងសភាពជាមនុស្សរុក្ខជាតិ។ យ៉ាងណាមិញ ចំពោះព័ត៌មាននេះ អ៊ីរ៉ង់មិនបានចេញបកស្រាយ ឬធ្វើការបញ្ជាក់អ្វីនោះទេ។
សូមបញ្ជាក់ឡើងវិញថា លោក Khademi ត្រូវបានតែងតាំងជាប្រធានអង្គការស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់កាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីអ្នកស្នងតំណែងមុនគឺ លោក Mohammad Kazemi បានស្លាប់ក្នុងអំឡុងពេលសង្គ្រាមរយៈពេល 12 ថ្ងៃរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។
តែជាអកុសលនៅព្រឹកព្រលឹមថ្ងៃទី៦ ខែមេសា ម្សិលមិញ លោក Khademi ក៏ត្រូវបានសម្លាប់ដូចគ្នានៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី28 ខែកុម្ភៈមក អ៊ីស្រាអែលបានតាមដាន និងបើកប្រតិបត្តិការយ៉ាងខ្លាំងក្លា ក្នុងការធ្វើឃាតមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្តងហើយម្តងទៀត ដែលជាហេតុនាំឲ្យមានការចោទសួរថា តើអ៊ីរ៉ង់អាចទប់ខ្លួនជាមួយអាមេរិក និងអ៊ីស្រាអែលបានដល់ពេលណា?
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





